ពាណិជ្ជកម្មចិននឹងកាន់តែប្រសើរ ​ជាមួយ​នឹង​ទីផ្សារ​ថ្មី

(ប៉េកាំង)៖ យោងតាមមន្ត្រីគយជាន់ខ្ពស់កាលពីចុងសប្តាហ៍មុន បានឲ្យដឹងថា ប្រទេស ​ចិន ​មាន​ឧបករណ៍​គោល​នយោបាយ​​គ្រប់គ្រាន់ និង​វិធានការ​ថ្មីៗ ដើម្បី​បង្កើត​លទ្ធផល​​កាន់​តែ​ប្រសើរ​ខ្លាំង​ថែម​ទៀត​ដល់​រចនា​សម្ព័ន្ធ​ពាណិជ្ជកម្ម​បរទេស និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​ថ្មីៗ​កាន់​តែ​ស៊ីជម្រៅ​​នៅ​ឆមាស​ទី២ ឆ្នាំ​នេះ ជា​​ពិសេស​ជាមួយ​ប្រទេស​ដែល​​​ចូលរួម​ក្នុង​គម្រោង​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​​ ។

លោក Li Kuiwen អ្នក​នាំពាក្យ​រដ្ឋបាល​ទូទៅ​គយ​ចិន​បាន​​ឲ្យ​ដឹង​ក្នុង​សន្និសីទ​ព័ត៌មាន​ខ្លី​មួយ​ថា៖ «យើង​ប្រឈម​នឹង​ផល​វិបាក​ជា​ច្រើន​ក្នុង​ការ​សម្រេច​បាន​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ដោយ​ស្ថិរភាព»។

ការ​អត្ថាធិប្បាយ​របស់​លោក​ Li បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​​គយ​ចិន​បាន​ចេញ​ផ្សាយ​ទិន្នន័យ​​ពាណិជ្ជកម្ម​របស់​ប្រទេស ​ចិន ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ ​២០១៩ នេះ។

ពាណិជ្ជកម្ម​បរទេស​របស់​ចិន​​បាន​កើន​ឡើង ៣,៩ ​ភាគរយ ​​នៅ​ឆមាស​ទី១ ឆ្នាំ​នេះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​មុន ដែល​សរុប​មាន​ចំនួន ១​៤,៦៧ ពាន់​ពាន់​លាន​យន់ (២,១៦ ពាន់​ពាន់​លាន​ដុល្លារ) ដោយ​ការ​នាំចេញ​បាន​​កើន​ឡើង ៦,១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទិន្នន័យ​គយ​បាន​បង្ហាញ​ទៀត​​ថា ការ​នាំចូល​បាន​កើន​ឡើង ១,៤ ភាគរយ ​ដែលធ្វើ​ឲ្យ​អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​កើន​ឡើង ៤១,៦ ភាគរយ ​នៅ​ឆមាស​ទី១ ឆ្នាំ​នេះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨ ដល់ ១,២៣ ពាន់​ពាន់​លាន​យន់។

កាល​ពី​ឆ្នាំមុន ពាណិជ្ជកម្ម​បរទេស​នៅ​ឆមាស​ទី១ បាន​កើន​ឡើង ៧,៩ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៧ ដោយ​ការ​នាំចេញ​បាន​កើន​ឡើង ៤,៩ ភាគរយ ហើយ​ការ​នាំចូល​បាន​កើន​ឡើង ១១,៥ ភាគរយ។

មន្ត្រី​គយ​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចូលរួម​ក្នុង​គម្រោង​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​មាន​ទំហំ​ធំ​ជាង​ពាណិជ្ជកម្ម​សរុប​ក្នុង​ឆមាសទី​១ ឆ្នាំ​នេះ ខណៈ​ដែល​ការ​នាំចូល ​និង​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ បាន​កើន​ឡើង​ដល់ ៤,២៤ ពាន់​ពាន់​លាន​យន់។ ចំនួន​នេះ​ស្មើ​នឹង​កំណើន ៩,៧ ភាគរយ ​ធៀប​​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​ខ្ពស់​ជាង​កំណើន​​ពាណិជ្ជកម្ម​សរុប​ ៥,៨ ពិន្ទុ​ភាគរយ ដែល​ស្មើ​នឹង ២​៨,៩ ភាគរយ ​នៃ​ពាណិជ្ជកម្ម​សរុប​​របស់​​ចិន៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds