រដ្ឋាភិបាល​អាមេរិក ​ព្រមាន​ពី​ការ​អស់​លុយចាយ

(វ៉ាស៊ីនតោន)៖ យោងតាម​ការ​ព្រមាន​​​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Steven Mnuchin កាល​ពី​ចុង​សប្តាហ៍​មុន បានឲ្យដឹងថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​អស់​ប្រាក់​​សម្រាប់​ដំណើរការ​រដ្ឋាភិបាល​នៅ​ដើម​ខែ​កញ្ញា​នេះ លុះត្រា​តែ​សភា​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​ប្រាក់​បន្ថែម​ទៀត។

ក្រសួង​ហិរញ្ញវត្ថុ​បាន ​និង​កំពុង​​ចាត់​វិធានការ​វិសាមញ្ញ​នានា​ចាប់​​ពី​ខែ​មីនា​មក ដើម្បី​រៀបចំ​សម្រួល​សាច់​ប្រាក់​របស់​ខ្លួន​​ក្នុង​ការ​បន្ត​បង់​ចំណាយ​​របស់​រដ្ឋាភិបាល បន្ទាប់​ពី​កម្រិត​បំណុល​បាន​កើន​ឡើង​ដល់​​កម្រិតខ្ពស់​​កំណត់ (ពិតាន) ២២ ពាន់​លាន​ដុល្លារ​របស់​ខ្លួន ​ដែល​​បាន​កំណត់​ដោយ​​សភា។

ក្រុម​មន្ត្រី​បាន​ចេញ​ផ្សាយ​ការ​ព្រមាន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នានា​ថា ដោយ​គ្មាន​ការ​ដំឡើង​កម្រិត​កំណត់​កម្ចី​សហរដ្ឋ​អាមេរិក​អាច​ក្ស័យធន​លើ​កាតព្វកិច្ច​បំណុល​របស់​ខ្លួន​ជា​លើក​ដំបូង​ ហើយ​មន្ត្រី​ទាំង​នោះ​បាន ​និង​កំពុង​ជំរុញ​ឲ្យ​សភា​ចាត់​វិធាន​ការ​មុន​ពេល​វិស្សមកាល​រដូវ​ក្តៅ​​ចូល​មក​ដល់​នៅ​ចុង​ខែ​នេះ។

លោក Mnuchin បាន​ព្រមាន​​ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​កាន់​អ្នក​នាំពាក្យ​សភា​ជាន់​ទាប​លោក​ស្រី Nancy Pelosi ថា៖ «ដោយ​ផ្អែក​លើ​ការ​ព្យាករ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព មាន​សេណារីយោ ១ ​ដែល​យើង​អស់​សាច់​ប្រាក់​នៅ​ដើម​ខែ​កញ្ញា មុន​ពេល​សភា​បើក​សម័យ​​ប្រជុំ​ជា​ថ្មី»។

លោកស្រី Pelosi  បាន​ឲ្យ​ដឹង​​កាល​ពី​សប្តាហ៍​មុន​ថា លោកស្រី​កំពុង​ធ្វើ​ការងារ​លើ​ការ​សិក្សា​បញ្ចប់​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​ដំឡើង​ពិតាន​បំណុល​បណ្តោះ​អាសន្ន​មុន​ពេល​សភា​ជាន់​ទាប​បិទ​សម័យ​​ប្រជុំ​នៅ​ថ្ងៃ​ទី ​២៦ ខែ​កក្កដា​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​​នានា។

សហរដ្ឋ​អាមេរិក​បាន​បាត់បង់​​​ចំណាត់​ថ្នាក់​បំណុល​កម្រិត AAA របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១១ បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​សភា​ជុំវិញ​ថា ​តើ​ត្រូវ​ដំឡើង​ពិតាន​បំណុល​សម្រាប់​កម្ចី​រដ្ឋាភិបាល​អាមេរិក​ ឬ​អត់? ដែល​បង្កើត​ឲ្យ​មាន​ភាព​អាច​កើត​មាន​នៃ​ការ​ក្ស័យធន​របស់​រដ្ឋាភិបាល​អាមេរិក៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds