ប្រហែល ២សប្ដាហ៍ទៀត! ក្រុមហ៊ុនអាមេរិកនឹងចាប់ផ្ដើមរកស៊ីជាមួយ Huawei សារជាថ្មី

យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកអាចនឹងអនុម័តលើអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនរបស់អាមេរិក ដើម្បីចាប់ផ្តើមការលក់ជាថ្មីទៅឱ្យក្រុមហ៊ុន Huawei ក្នុងរយៈពេលត្រឹមយ៉ាងយូរពីរសប្តាហ៍ប៉ុណ្ណោះ ដែលវាអាចជួយស្ដារនូវជំនឿចិត្តខ្លះៗឡើងវិញក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មនៅសប្ដាហ៍នេះ។ នេះក៏ជាព័ត៌មានបន្ដពីចុងខែមុនផងដែរ នៅពេលដែលលោក Trump ស្វែងរកកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន និងបានប្រកាសថា ក្រុមហ៊ុនអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យលក់ផលិតផលឡើងវិញទៅឱ្យក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោក។

គួររំលឹកដែរថា ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោក ធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីខែឧសភា ដែលហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យផ្គត់ផ្គង់ផលិតផល និងសេវាកម្មថ្មីដែលផលិតនៅអាមេរិកលើកលែងតែពួកគេទទួលបានអាជ្ញាប័ណ្ណ។ ក៏ប៉ុន្តែនៅចុងខែមុនបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុនអាមេរិកអាចលក់ផលិតផលទៅឱ្យក្រុមហ៊ុន Huawei បាន។ ហើយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះលោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា អាជ្ញាប័ណ្ណនឹងត្រូវបានគេចេញឱ្យឆាប់ៗ ដោយសារវាគ្មានការគំរាមកំហែងដល់សន្តិសុខជាតិនោះទេ៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ Reuters

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds