ក្រុមហ៊ុន ING Holding ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រី មោឃភាពបណ្ណកាន់កាប់អចលនវត្ថុនៅបឹងជើងឯក
(ភ្នំពេញ)៖ ការមោឃភាពនេះ ដោយសារក្រុមហ៊ុនមិនអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទៃបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុនអាយអិនជី ហូលឌីង ចំនួន៥ប័ណ្ណ គឺយោងតាមលិខិតលេខ ១៤៨៨ ដនស/អសដភ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លិខិតលេខ ៣០៨ ខន/០១៩ សជណ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចំណាររបស់សម្តេច ហ៊ុន សែន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ។
គួររំលឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍បឹងទំពុន ING Holding បានធ្វើកិច្ចសន្យាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងផ្លូវថ្មីឈ្មោះ «មហាវិថីសម្តេចតេជោ» ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែងជាង៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយក្រុមហ៊ុន គឺត្រូវដោះស្រាយ រាល់ការប៉ះពាល់នានាដែលពាក់ព័ន្ធ នឹងដីជាកម្មសិទ្ធិរស់នៅរបស់ប្រជាជន ប៉ុន្តែក្រុមហ៊ុន ING Holding មិនបានធ្វើតាមដូចបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលឡើយ៕
កែសម្រួល៖ ស៊ាងម៉ី