កម្លាំងចំរុះ បង្រ្កាបបទល្មើសព្រៃឈើចម្រុះបានជាង១២៦៥ម៉ែត្រគូប រយៈពេល៥ថ្ងៃ នៅខេត្តព្រះវិហារ
ព្រះវិហារ៖ ក្រុមការងារ នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រចាំនៅខេត្តព្រះវិហារ បានធ្វើការដកហូតឈើចម្រុះចំនួន ១២៦៥ម៉ែត្រគូប ព្រមទាំងរឹបអូសសម្ភារ និងមធ្យោបាយបំរើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត គិតចាប់តាំងពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក កង សៅគុណ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ដោយអនុវត្តន៍តាមបទបញ្ជាការរបស់ ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា ក៏ដូចជាបទបញ្ជាររបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, កម្លាំងចម្រុះរបស់ខេត្តបានធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិបានជាច្រើនករណី ដោយបានដកហូតឈើគ្រប់ប្រភេទបានជាច្រើនម៉ែត្រគូប និងដកហូតសម្ភារល្មើសជាច្រើនផងដែរ។
លោក កង សៅគុណ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៥ថ្ងៃ ចាប់តាំងពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តព្រះវិហារ បានធ្វើការបង្ក្រាបដោយធ្វើការដកហូតឈើគ្រប់ប្រភេទចំនួន ១២៦៥ម៉ែត្រគូប ធ្វើកិច្ចសន្យាអប់រំរថយន្តដឹកគ្រឿងសង្ហារឹមចំនួន១៤គ្រឿង គោយន្តកន្ត្រៃយ៍ដឹកអុស ដឹកឈើគ្រាក់ ២៨គ្រឿង អប់រំធ្វើកិច្ចសន្យារោងសិប្បកម្មកែច្នៃឈើដោយធ្វើការរុះរើចំនួន ៨ទីតាំង ចុះស្រាវជ្រាវប្រភពការធ្វើសិប្បកម្មដែលដឹកគ្រឿងសង្ហារឹម ចេញក្រៅខេត្តព្រះវិហារបានចំនួន៥ទីតាំង ដែលឈើទាំងនោះ បានមកពីការទិញពីប្រជាពលរដ្ឋអារបែបអាណាធិបតេយ្យ ក្នុងដែនជម្រកសត្វព្រៃព្រះរការនៅតំបន់អូរជុញក្នុងស្រុកជាំក្សាន្ត។
កម្លាំងចម្រុះបានបង្រ្កាបបទល្មើបាន១១ករណីដោយដកហូតឈើអារចម្រុះចំនួន៧៩.២៥៣ម៉ែត្រគូប និងឈើប្រណិត២.០៧៤ម៉ែត្រគូប ដកហូតតាមឈូស៧គ្រឿង ម៉ទរ័ខាត់១១គ្រឿង ម៉ាស៊ីនគោយន្ត៦គ្រឿង អង្គំក្រឡឹង៦គ្រឿង ឌីណាម៉ូ១គ្រឿងនិងរទេះក្របី៤គ្រឿង ដែលវត្ថុតាងទាំងនោះគឺត្រូវចាត់ការតាមច្បាប់។លោកថា «ទោះជាលទ្ធផល ដែលយើងបង្ក្រាបបានទទួលជោគជ័យក៏ដោយ យើងមិនបញ្ឈប់ត្រឹមប៉ុណ្ណេះទេ។ យើងបានដាក់កម្លាំងស្រាវជ្រាវព័ត៌មានក្តាប់ទីតាំងប្រព្រឹត្ត បទល្មើសធនធានធម្មជាតិ និងបន្តសហការបង្រ្កាបជាមួយស្ថាបន័ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងបន្តអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលជាប់ជាប្រចាំ»៕
អត្ថបទ៖ សុខ លា