ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ជនសង្ស័យ៤នាក់ទៀត កម្លាំងអាវុធហត្ថចកំពុងតាមចាប់ខ្លួន តាមដីកាតុលាការ ដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី។ នេះបើយោងតាម អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកនៅព្រឹកនេះ។
មនុស្ស៤នាក់នោះ គឺជាប្រធានក្រុមហ៊ុនដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី។ លោកថា កន្លងទៅតុលាការបានចេញដីកាកោះហៅជនសង្ស័យទាំង៤នាក់នេះ ប៉ុន្តែពួកគេមិនចូលខ្លួននោះទេ។ ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរូបនេះ មិនទាន់អាចបង្ហើបឈ្មោះ ជនសង្ស័យទាំង៤នាក់នេះនោឡើយទេ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំ និងការដាក់ចេញនូវ វិធានការតឹងរឹង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យ៤នាក់បញ្ជូននៅតុលាការ។ ការបំផ្លាញចោលវត្ថុតាងដែលជាមធ្យោបាយដឹងជញ្ជូននោះ នៅតែបន្តអនុវត្តយ៉ាងក្តៅគគុក៕
អត្ថបទ៖ សុខ លាភ