ជប៉ុន ផ្តល់ទឹកប្រាក់ចំនួន៥០០លានយ៉េន សម្រាប់គម្រោង«កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៥០០លានយ៉េន សម្រាប់អនុវត្តគម្រោង«កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា។ ចុះហត្ថលេខានេះធ្វើនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស ។
ជប៉ុន ជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ បានជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ ៕
អត្ថបទ៖ សុខ លាភ