ចំនួនប្រជាជនវៀតណាម កើនឡើងជិតដល់ ១០០លាននាក់ហើយ
(វៀតណាម)៖ ប្រជាជនវៀតណាម បានកើនឡើងដល់ចំនួន ៩៦,២លាននាក់ហើយ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥ ក្នុងពិភពលោក និងលេខ៣ ក្នុងតំបន់អាស៊ាន។ ទិន្នន័យនេះចេញផ្សាយការិយាល័យស្ថិតិវៀតណាម ក្នុងកិច្ចប្រជុំនៅក្រុងហាណូយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
ការចេញផ្សាយទិន្នន័យនេះ បន្ទាប់ពីការធ្វើជំរឿនពីថ្ងៃទី១ ដល់ ២៥ ខែមេសា ឆ្នាំ២០១៩។ ការធ្វើជំរឿនប្រជាជនវៀតណាម តែងធ្វើឡើងជារៀងរាល់ ១០ឆ្នាំម្តង។ លទ្ធផលនេះក៏បង្ហាញដែរថា ប្រជាជនជាបុរសមានប្រមាណ ៤៧,៨លាននាក់ ប្រហែល ៤៩,៨ភាគរយ ឯស្រ្តីមានចំនួនជាង ៤៨,៣លាននាក់ ឬ ៥០,២ភាគរយ។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនវៀតណាមបានកើនឡើងប្រមាណ ១០,៤លាននាក់ ឬ ១,១៤ភាគរយ ប៉ុន្តែទាបជាងកំណើនពីឆ្នាំ ១៩៩៩-២០១៩ ដែលមាន ១,១៨ភាគរយ។
យោងតាមការធ្វើជំរឿន វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានដង់ស៊ីតេខ្ពស់បំផុតក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្នដង់ស៊ីតេប្រជាជនវៀតណាម មានចំនួន ២៩០នាក់ក្នុង១គីឡូម៉ែត្រការ៉េ កើនពី ៣១នាក់ កាលពីឆ្នាំ២០០៩។
ក្រុងហាណូយ និងហូជីមិញ មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេក្នុងប្រទេសនេះ ពោលគឺនៅហាណូយ មានចំនួន ២៣៩៨នាក់ ឯហូជីមិញ មានចំនួន ៤៣៦៣នាក់ក្នុង១គីឡូម៉ែត្រការ៉េ៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ Vietnam News