រាជរដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់ស្ថានីយសូឡានៅក្នុងខេត្តចំនួន៤
(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើ «សំណើសុំការពិនិត្យសម្រេច លើគម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ៤គម្រោង សរុបអានុភាព ១៤០ មេហ្គាវ៉ាត់ដើម្បីផលិតអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា»។
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការបន្ថែមស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង ០៤ គម្រោងនេះ រួមមានដូចខាងក្រោម៖
-គម្រោងទី១ នៅខេត្តពោធិ៍សាត់ ៣០ មេហ្កាវ៉ាត់
-គម្រោងទី២ នៅខេត្តបាត់ដំបង ៦០ មេហ្កាវ៉ាត់
-គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ ៣០ មេហ្កាវ៉ាត់
-និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។
ការវិនិយោគគម្រោងនេះមានផលប្រយោជន៍ចំពោះកម្ពុជា ដូចខាងក្រោម ៖
-ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានតម្លៃខ្ពស់។
-ផ្តល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។
-នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ ។
-លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន
-រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធប្រមាណជាង ១,៨លានដុល្លារអាមេរិកក្នុង ១ឆ្នាំជាមធ្យមក្នុងរយៈពេល ២១ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ៕
កែសម្រួល៖ ស៊ាងម៉ី