អតីតបក្សសង្គ្រោះជាតិទាមទារឱ្យតុលាការក្រុងភ្នំពេញដោះលែងលោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្
គណបក្សសង្គ្រោះជាតិទាមទារតុលាការ ឱ្យដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
គណបក្សនេះបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១១ កក្កដាថា ទង្វើរបស់អាជ្ញាធរទៅលើយុវជនទាំងពីររូប និងទៅលើក្រុមអង្គការសង្គមស៊ីវិលនោះ សបញ្ជាក់ឱ្យឃើញថា មេដឹកនាំ បានធ្វើពុតជាមានចិត្តសប្បុរស ផ្ដល់ថវិកាជួយសាងសង់ចេតិយបណ្ឌិត កែម ឡី និងចូលបច្ច័យបុណ្យខួប ១ឆ្នាំរបស់លោក ដើម្បីបិទបាំង និងលុបលាងអំពើអាក្រក់របស់ខ្លួន និងបក្ខពួក ចំពោះករណីឃាតកម្មក៏កក្រើកមួយនេះ។
គណបក្សប្រឆាំងបានអំពាវនាវឱ្យលោក ហ៊ុន សែន បញ្ឈប់ការប្រើប្រាស់កងកម្លាំង ដើម្បីរារាំង បង្ក្រាប និងចាប់ចង ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអ្នកស្រឡាញ់គាំទ្របណ្ឌិត កែម ឡី ដែលគ្រាន់តែសម្ដែងមតិ ការនឹករឭក និងការគោរពចំពោះវីរភាព និងវិញ្ញាណក្ខន្ធរបស់បណ្ឌិត កែម ឡី ក្នុងរូបភាពបែបនេះតទៅទៀត។ ជំនួសមកវិញ របបនេះ ត្រូវស៊ើបអង្កេតដោយឯករាជ្យ ដើម្បីវែកមុខចាប់ឃាតកពិត និងអ្នកនៅពីក្រោយខ្នងឃាតកម្មនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ៖
អត្ថបទ៖ សុខ លាភ