ក្រសួងទេសចរណ៍៖ រៀបចំផែនការ​មេអភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប ចំនួន៥

 

សៀមរាប៖ គណៈកម្មការអន្តរក្រសួងនេះ បាននិងកំពុងចុះសិក្សាលើ​ផ្នែក-តំបន់មួយ​ចំនួនជា​បណ្ដើរៗ​ហើយ ប៉ុន្តែដើម្បីជាប្រទីបក្នុងការជំរុញឱ្យដំណើរសិក្សារៀបចំផែនការមេនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្រសួងទេសចរណ៍ កំពុងសិក្សាលើគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ។

ថ្លែងក្នុងពិធីបិទបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែន​ការមេអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ បានបញ្ជាក់ថា ដំណើរការសិក្សាលើគម្រោងរៀបចំផែនការ​មេអភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប គឺផ្ដោតសំខាន់លើការងារទាំងក្នុងខេត្ត ក្នុងប្រទេស និងក្រៅប្រទេស រួមមាន៖

១)ការសិក្សាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើសពីអ្វីមានស្រាប់នៅតំបន់អង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងស្នាក់នៅខេត្តសៀមរាបយូរ និងចំណាយច្រើន។

២)ការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿន ការពង្រីកផ្លូវថ្នល់ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីដែលធំជាងមុន ដើម្បីតភ្ជាប់ខេត្តសៀមរាបជាមួយរាជធានីភ្នំពេញ សៀមរាបជាមួយតំបន់ឆ្នេរសមុទ្រ សៀមរាបជាមួយតំបន់ភាគឦសាន សៀមរាបជាមួយតំបន់ព្រំដែន ក៏ដូចជាសៀមរាបជាមួយអន្តរជាតិផងដែរ។

៣)ការសិក្សាអំពីការរៀបចំ និងគ្រប់គ្រងបរិស្ថានស្អាត និងបៃតងនៅខេត្តសៀមរាប និងតំបន់អង្គរ ដើម្បីផ្ដល់ជូននូវភាពស្រស់ស្រាយបរិសុទ្ធ ចំពោះភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប ធ្វើយ៉ាងណាជំរុញឱ្យមានការផ្សព្វផ្សាយនូវចំណុចល្អៗពីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា។ ក្រៅពីនោះ មានការសិក្សាលើការគ្រប់គ្រងសំរាម កាក់សំណល់ ការតុបតែងលម្អសោភ័ណភាពនៅក្នុងខេត្ត និងតំបន់ទស្សនា ការសិក្សាលើការបង្កើតសួនច្បារជាដើម។

៤)ការសិក្សាលើការតុបតែងលម្អផ្លូវធ្វើដំណើរឱ្យមានសោភ័ណភាព។

៥)ការសិក្សាលើយន្តការនៃការគ្រប់គ្រងតំបន់ទេសចរណ៍ដ៏ល្បីល្បាញនេះ ឱ្យបានល្អប្រសើរឡើង ពីព្រោះបើគ្មានការគ្រប់គ្រងទេ ការសិក្សារៀបចំនឹងខាតទទេៗ។

លោកបន្ថែមថា បច្ចុប្បន្ន តំបន់អង្គរមានភាពល្បីល្បាញទូទាំងពិភពលោកហើយ ប៉ុន្តែកម្ពុជាត្រូវ​មាន​ការ​អភិវឌ្ឍបន្ថែម ពោលគឺអនុវត្តន៍នូវកិច្ចអភិរក្សនៅក្នុងតំបន់អង្គរ និងអភិវឌ្ឍន៍បន្ថែមនៅតាមតំបន់ជុំវិញ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដោយមិនធ្វើឱ្យប៉ះពាល់ដល់កេរតំណែលបុព្វបុរស ដូចជាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា គម្រោងសិក្សាលើផែនការមេនេះ នឹងត្រូវបញ្ចប់ និងដាក់ឱ្យអនុវត្តន៍​ចាប់​អំឡុង​ដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣៥។ ឯកឧត្តម ថោង ខុន ក៏បានបញ្ជាក់ថា «ការខិតខំទាំងនេះ ក៏ដើម្បី​ចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១០​លាន​នាក់ នៅឆ្នាំ២០៣០ ផងដែរ»៕

អត្ថបទ​៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open