លី ភា បានឡើងប្រកួតវគ្គបន្តក្រោយផ្ដួលថៃឱ្យសន្លប់ក្នុងទឹកទី2
ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ ម៉ោង ០៤ ៖ ១៧ នាទី
រាជធានីភ្នំពេញ ៖ កីឡាករ លី ភា មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង បានកក់ កៅអីឡើងប្រកួតនៅវគ្គបន្ត បន្ទាប់ពីផ្ដួល កីឡាករថៃPrab Sor.Thephithakឱ្យសន្លប់នៅ ក្នុងទឹកទី២ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្ដាប់ដែកក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃអាទិត្យ ទី២៤ មីនា នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ។
កីឡាករ លី ភា បានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុហើយ ។ កីឡាកររូបនេះប្រកួត៤លើកចាញ់២លើកនិងឈ្នះ២លើកដោយវាយគូប្រកួតឱ្យសន្លប់ទាំង២លើកមាន៨ពិន្ទ គឺគ្រប់គ្រាន់សម្រាប់ឡើងទៅប្រកួតនៅវគ្គបន្តទៀតបានហើយ ។ ចំណែក សុខ សាវិន មកពីក្លិបបក្សីស្លាបដែកបានផ្ដួលកីឡាករថៃ Phit Nginthorngឱ្យសន្លប់ទឹកទី១ ។
កីឡាកររូបនេះប្រកួត៤លើក ចាញ់៣ ឈ្នះ១ មិនទាន់ដឹងថាយ៉ាងណានោះទេ ត្រូវរង់ចាំបូកសរុបពិន្ទុ ការប្រកួតលើកចុងក្រោយរបស់កីឡាករ ឃីម បូរ៉ា មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ជាបន្តទៀតសិន ។ ចំណែកសួន ចាន់នី មកពីក្លិបបក្សីស្លាបដែកក៏មានឱកាសឡើងទៅប្រកួតនៅវគ្គបន្តទៀតបានដែរ ព្រោះគេឈ្នះ២ប្រកួតរួចមកហើយក្នុងចំណោមការប្រកួតទាំង៣លើក មកនេះ។
ដោយឡែកគូប្រកួតមិត្តភាពវិញ កីឡាករ ឡៅ ចិត្រា មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ យកឈ្នះកីឡាករថៃ Khun Chhang នៅត្រឹមទឹកទី២ និងកីឡាករ សូត្រ វាសនា ចាញ់ពិន្ទុកីឡាករ យ៉ន ពិសី បន្ទាប់ពីចំណាយពេលប្រកួត៥ទឹកពេញ៕
ប្រភព ៖ KOH SANTEPHEAB
កែសម្រួលដោយ ៖ ពេជ្រ គឺមស្រ៊ិន