អាមេរិក និងចិន ចាប់ផ្តើមចរចាដោះស្រាយជម្លោះពាណិជ្ជកម្មតាមទូរស័ព្ទ
(វ៉ាស៊ីនតោន)៖ ក្រុមអ្នកចរចាជាន់ខ្ពស់របស់អាមេរិក និងប្រទេស ចិន កាលពីថ្ងៃអង្គារបានពិភាក្សាគ្នាតាមទូរស័ព្ទ ខណៈដែលប្រទេសមានសេដ្ឋកិច្ចឈានមុខគេ ២ របស់ពិភពលោក ស្វែងរកការដោះស្រាយសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ ដែលការចរចានេះកើតមានឡើង ១ សប្តាហ៍ បន្ទាប់ពីប្រទេសទាំង ២ បានប្រកាសការបញ្ឈប់សង្គ្រាមនេះ។
ការពិភាក្សាតាមទូរស័ព្ទនៅថ្ងៃអង្គារនោះមានការចូលរួមដោយលោក Steven Mnuchin រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ និងលោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មរបស់អាមេរិក បាននិយាយទៅកាន់លោក Liu He ឧបនាយករដ្ឋមន្ដ្រីចិន និងលោក Zhong Shan រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មចិន។
លោក Larry Kudlow ទីប្រឹក្សាសេតវិមានបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការចរចា «បានដំណើរការប្រកបដោយផ្លែផ្កា» ប៉ុន្តែវា «ឆាប់ពេកក្នុងការផ្ដល់ព័ត៌មានលម្អិត»។
ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Fox Business Network លោក Kudlow បានហៅការពិភាក្សានេះថា ជា «ការពិភាក្សាបឋម» និងបានឲ្យដឹងថា កិច្ចប្រជុំនានានឹង «ប្រហែលជា» ត្រូវរៀបចំឡើង តែមិនផ្ដល់ព័ត៌មានលម្អិត។
លោក Larry Kudlow បានកត់សម្គាល់ថា លោក ត្រាំ បានយល់ព្រមផ្អាកដកហូតពន្ធនាំចូលថ្មី ហើយនឹងអនុញ្ញាតឲ្យផលិតផលរបស់អាមេរិកមួយចំនួនត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Huawei។
លោកបានប្រាប់ទូរទស្សន៍អាមេរិកមួយនេះថា៖ «ដោយនិយាយដូចនោះ យើងមានភាពរឹងមាំយ៉ាងខ្លាំង ខ្ញុំចង់គូសបញ្ជាក់បញ្ហានេះ ជាការរំពឹងទុកយ៉ាងរឹងមាំថា ប្រទេស ចិន ក្នុងរយៈពេលដ៏ខ្លី អាចចាប់ផ្ដើមការទិញផលិតផលកសិកម្មអាមេរិក»។
ក្រសួងពាណិជ្ជកម្មរបស់ប្រទេស ចិន បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានខ្លីមួយថា ភាគីទាំង ២ ផ្លាស់ប្តូរ «គំនិតលើការអនុវត្តការព្រមព្រៀងដែលសម្រេចបានរវាងប្រមុខរដ្ឋរបស់ប្រទេសទាំង ២ នៅទីក្រុងអូសាកា»។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានវាយប្រហារគ្នាទៅវិញទៅជាមួយនឹងពន្ធនាំចូលពិន័យ ដែលគ្របដណ្ដប់លើពាណិជ្ជកម្មទ្វេភាគីជាង ៣៦០ ពាន់លានដុល្លារ ហើយពន្ធទាំងនោះនៅតែកំពុងដំណើរការ ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ AFP