Ronaldo អាចនិងអវត្តមានកន្លះខែបង្ករក្ដីបារម្ភសម្រាប់ Juventus នៅ Champions League
ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ០៤ ៖ ០០ នាទី
Cristiano Ronaldo បានរងរបួសក្នុងការប្រកួតឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលស្មើគ្នា ១-១ ជាមួយជម្រើសជាតិស៊ែប ប៉ុន្តែរបួសនោះទំនងជាមិនធ្ងន់ធ្ងរពេកទេ។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំមានបញ្ហាសាច់ដុំ និងបានប្ដូរចេញត្រឹម៣១នាទីប៉ុណ្ណោះក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ ក្នុងទីក្រុង Lisbon។ ដំណឹងល្អសម្រាប់អ្នកគាំទ្រគឺ Ronaldo អាចនឹងសម្រាកត្រឹម២សប្ដាហ៍ តែដំណឹងអាក្រក់គឺបើសម្រាកលើសនេះរូបគេអាចអវត្តមានប្រកួត Champions League ជើងទីមួយជាមួយ Juventus។
Juventus នឹងលេងវគ្គ៨ក្រុម Champions League ទល់នឹង Ajax ថ្ងៃទី១០ ខែមេសាខាងមុនឬប្រមាណ២សប្ដាហ៍ទៀត។ នៅលីគវិញពួកគេប៉ះ Cagliari, Empoli និង AC Milan ដែលសុទ្ធសឹងជាប្រកួតដែល Ronaldo អាចអវត្តមាន៕