នាវាកាំភ្លើងតូចអ៊ីរ៉ង់ចំនួន ៥គ្រឿង ប៉ុនប៉ងរឹបអូសនាវាដឹកប្រេងរបស់អង់គ្លេស
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) បានបញ្ជាឱ្យនាវាដឹកប្រេងរបស់អង់គ្លេស ផ្លាស់ប្តូរទិសដៅផ្លូវរបស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz និងព្យាយាមបង្ខំឱ្យវានៅក្បែរដែនទឹក ដែលគ្រប់គ្រងដោយអ៊ីរ៉ង់។
ប៉ុន្តែជាសំណាងនាវាដឹកប្រេងមួយនោះត្រូវបានអមការពារដោយនាវា HMS Montrose ដែលជានាវាចម្បាំងចក្រភពអង់គ្លេស ហើយនាវាចម្បាំងក៏បានតម្រង់កាណុងដាក់ទៅនាវាកាំភ្លើងតូចរបស់ IRGC ទាំង ៥គ្រឿង វិញដែរ។ CNN បានរាយការណ៍ថា នាវា HMS Montrose បានព្រមានដោយផ្ទាល់ទៅកងកម្លាំងអ៉ីរ៉ង់ ដែលជាហេតុធ្វើឱ្យពួកគេដកថយទៅវិញ ហើយយន្តហោះអាមេរិកក៏បានសង្កេត និងកត់ត្រាហេតុការណ៍នេះផងដែរ។
គួរឱ្យដឹងដែរថា ការគំរាមកំហែងរបស់អ៊ីរ៉ង់បានកើតឡើង បន្ទាប់ពីកងទ័ពជើងទឹកអង់គ្លេសបានរឹបអូសនាវាដឹកប្រេងរបស់អ៉ីរ៉ង់ ដែលសង្ស័យថា បានរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដោយការដឹកជញ្ជូនប្រេងឆៅប្រមាណ ២លានបារ៉ែល ទៅកាន់ប្រទេសស៊ីរី។ ប្រធានាធិបតីអ៉ីរ៉ង់លោក Hassan Rouhani បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មានដែលឧបត្ថម្ភដោយរដ្ឋាភិបាលកាលពីថ្ងៃពុធថា៖ «អ្នក [ចក្រភពអង់គ្លេស] ជាអ្នកផ្ដើមគំនិតអសន្តិសុខ ហើយអ្នកនឹងដឹងពីផលវិបាកនៅពេលក្រោយ»។
លោក Rouhani បានបន្ថែមថា៖ «ឥឡូវនេះអ្នកអស់សង្ឃឹមណាស់ ពេលដែលនាវាដឹកទំនិញមួយរបស់អ្នកចង់ផ្លាស់ទីទៅក្នុងតំបន់ណាមួយ អ្នកត្រូវតែនាំយកនាវាអាវុធមកអមផ្លូវរបស់អ្នក ព្រោះអ្នកខ្លាច»។ ហេតុអ្វីបានជាអ្នកប្រព្រឹត្តអំពើបែបនេះ? អ្នកគួរតែអនុញ្ញាតឱ្យការធ្វើនាវាចរណ៍មានសុវត្ថិភាព»។ ចំណែកក្រសួងការពារជាតិអាមេរិកបាននិយាយថា ខ្លួនបានដឹងពីរបាយការណ៍ ហើយក៏បានបញ្ជូនរឿងនេះទៅកាន់កងទ័ពជើងទឹកអង់គ្លេសហើយដែរ។ ប៉ុន្តែយ៉ាងណាមិញខាងកងទ័ពជើងទឹក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺទេ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ CNN