ខេត្តបាត់ដំបង ជំងឺគ្រុនឈាមកើតឡើងជាង៧០០ករណី កើន៣ដងនៃឆ្នាំមុន និងស្លាប់៥នាក់

បាត់ដំបង៖ នៅប្រទេសកម្ពុជា ជំងឺគ្រុនឈាម បានចាប់ផ្ដើមកើនឡើងពីដើមខែឧសភា រហូតមក​ដល់​បច្ចុ​ប្បន្ន តាមភូមិសាស្ត្រ រាជធានី ខេត្តមួយចំនួន ដែលមានចំនួន១ម៉ឺន៥ពាន់នាក់ និងស្លាប់២៥​នាក់នោះ​ហើយ គិតរហូតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩។

ក្នុងចំណោមនោះ ខេត្តបាត់ដំបងមានជំងឺ​គ្រុនឈាមកើតឡើងចំនួន​ជាង៧២៣ករណី​ និងមានការបាត់​បង់​ជីវិតអ្នកជំងឺចំនួន៥នាក់។ នេះបើតាមការរបស់លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង នៅក្នុងឱកាសដែលមន្ទីរ បានសហការជាមួយមន្ត្រី និងយុវជនស្ម័គ្រ​ចិត្តកាកបាទ​ក្រហម​កម្ពុជា​​សា​ខា​ខេត្តបាត់ដំបង បានចុះដាក់ថ្នាំអាបេត និងការបាញ់ថ្នាំសម្លាប់សត្វមូស នៅសង្កាត់ក្តុល​ដូន​ទាវ ក្រុង​បាត់​ដំបង ខេត្តបាត់ដំបង នាថ្ងៃនេះ ។

លោកថា ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម​ដោយសារមូសខ្លាញីខាំ​ និងការ​ខាំ​រប​ស់​​សត្វមូស ពិសេសដើម្បីបង្ការការឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាម​ឲ្យកាន់តែ​មានប្រសិទ្ធ​ភាព​នោះ ក្នុងនាមមន្ទីរសុខាភិបាលខេត្តបាត់ដំបង  បានអំពាវនាវដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ និងអាជ្ញាធរ​មូល​ដ្ឋានត្រូវចូលរួមចលនាកាត់បន្ថយនិងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ភ្ជាប់​នូវគោល​ជំហរជា​ប្រជាជនគំរូមួយរូប គឺ ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក ។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា ការផ្ទុះជំងឺគ្រុនឈាមនេះមិន​មែនតែ​កើត​មាន​នៅក្នុងខេត្តបាត់ដំបង ឬប្រទេសកម្ពុជានោះទេ តែនៅប្រទេសជិត​ខាងយើង​ក៏មានការ​ផ្ទុះជំងឺ​នេះ​ដូច​គ្នាដែរ ហើយជំងឺគ្រុនឈាមនេះអាចទប់ស្កាត់បាន ដោយរួមគ្នាសំអាតបរិស្ថាន​នៅជុំវិញលំនៅដ្ឋាន​ឲ្យ​បាន​ស្អាត និងដុតឬកប់ចោលវត្ថុដែលអាចដក់ទឹក ដើម្បីបំបាត់ទីជម្រកសត្វមូសពងកូន ទើបអាច​ជៀស​ផុតពីការចម្លងជំងឺគ្រុនឈាម ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds