ទ្បើងកម្តៅភ្លាម និងរងាញ័រញាក់ជារោគសញ្ញានៃជំងឺគ្រុនឈាម
ភ្នំពេញ៖ នៅប្រទេសកម្ពុជា ជំងឺគ្រុនឈាម បានចាប់ផ្ដើមកើនឡើងពីដើមខែឧសភា រហូតមកដល់បច្ចុប្បន្ន តាមភូមិសាស្ត្រ រាជធានី ខេត្តមួយចំនួន ដែលមានចំនួន១ម៉ឺន៥ពាន់នាក់ និងស្លាប់២៥នាក់នោះហើយ គិតរហូតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩។
អាការជំងឺគ្រុនឈាមអាចច្រឡំជាមួយនឹងរោគសញ្ញាជំងឺគ្រុនចាញ់ បើមិនពិនិត្យឱ្យបានជាក់លាក់ទេនោះ ព្រោះវាមានលក្ខណៈស្រដៀងគ្នាពេក ។ ជំងឺនេះចម្លងតាមរយៈមូសខ្លាខាំ ។ ជាញឹកញាប់ជំងឺនេះ បានចម្លងដល់មនុស្សជាច្រើនក្នុងរដូវភ្លៀង ហើយមនុស្សម្នាក់បើកើតមានជំងឺគ្រុនឈាមម្តង ហើយកើតម្តងទៀតច្រើនមានសភាពធ្ងន់ធ្ងរ ។ ដូច្នេះដើម្បីការពារកុំឲ្យកើតមានជំងឺនេះ ត្រូវតែបំបាត់មូស និងការពារកុំឲ្យមូសខាំ ។
ចំពោះរោគសញ្ញានៃជំងឺនេះមានដូចជា ទ្បើងកម្តៅខ្លាំងភ្លាមៗ និងមានញាក់ ,ឈឺចាប់ពេញខ្លួនប្រាណយ៉ាងខ្លាំង ឈឺក្បាលនិងឈឺបំពង់ក ,អ្នកជំងឺមានអារម្មណ៍ពិបាកទ្រាំ ,បន្ទាប់ពីរយៈពេលបីបួនថ្ងៃ អ្នកជំងឺមានអារម្មណ៍ធូរស្រាលទ្បើងវិញ ។
បន្ទាប់ពីត្រទ្បប់មករកសភាពដើមវិញ រយៈពេលមួយឬពីរថ្ងៃ ដែលភាគច្រើនមានចេញកន្ទួលក្រហមនៅប្រអប់ដៃ និងប្រអប់ជើង ដូចជាស្នាមមូសខាំ ។ កន្ទួលនោះរាលដាលទៅដល់ដៃជើង ហើយនៅទីបំផុតរាលដាលដល់ពេញរាងកាយទាំងមូល តែធម្មតាមិនកើតនៅលើផ្ទៃមុខទេ ។ ចំពោះកុមារជួនកាលអាចមានក្អូតចង្អោរ ឬមានច្រាលឈាមជាដើម ។ អាការធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម បណ្តាលឲ្យមានការហូរឈាមតាមស្បែក មានចំនុចខ្មៅជាំតូចៗ ឬឃើញមានសញ្ញាហូរឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងរាងកាយ ។
ជាទូទៅជំងឺគ្រុនឈាម យើងមិនអាចកំណត់ថាកើតនៅពេលយប់ឬថ្ងៃនោះទេ ហើយលោកអ្នកដែលជាឪពុកម្តាយក៏មិនអាចដឹងច្បាស់ថា កូនកើតមានជំងឺគ្រុនឈាម ឬអត់នោះដែរ ។ ដូច្នេះនៅពេលដែលកូនក្តៅខ្លួនខ្លាំង មិនអាចយកមកមន្ទីរពេទ្យបាន លោកអ្នកអាចព្យាបាលដោយបញ្ចុះកម្តៅ គឺអាចប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉លតាមកម្រិតត្រឹមត្រូវ ដោយលេបចន្លោះពេលពី៦ទៅ៨ម៉ោងម្តង ។
ជាងនេះទៅទៀត បើសិនជាកម្តៅនោះមិនអន់ថយទេ លោកអ្នកអាចប្រើកន្សែងជ្រលក់ទឹកមកគ្របដណ្តប់លើខ្លួន កុំទុកឲ្យកម្តៅឡើងខ្លាំងជាហេតុអាចធ្វើឲ្យកុមារប្រកាច់បាន លុះព្រឹកឡើងគួរតែប្រញាប់នាំកុមារទៅពិនិត្យនៅមណ្ឌលសុខភាពមិនត្រូវទុកឲ្យលើសពី២ថ្ងៃនោះទេ ។ លើសពីនេះទៀត បើមានការសង្ស័យថា សមាជិកលោកអ្នកកើតមានជំងឺគ្រុនឈាម ត្រូវចៀសវាងការកោសខ្យល់ ព្រោះវាអាចធ្វើឲ្យបាត់សញ្ញានៃជំងឺគ្រុនឈាម ដែលជាហេតុធ្វើឲ្យគ្រូពេទ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ ៕
អត្ថបទ៖ សុខ លាភ