បារាំង​ចង់វិនិយោគបង្កើតក្រុមហ៊ុនជួសជុលយន្តហោះនៅកម្ពុជា

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្តីពី​ជំនួប​រវាង​លោក​នាយ​ឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់  រដ្ឋមន្ដ្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​លោកស្រី Nguyen Binh Eva ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នាព្រឹក​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០១៩។

ក្នុង​ជំនួប​នេះ ភាគី​បារាំង​ក៏បាន​បង្ហាញ​ផងដែរ​ពី​បំណង​ពង្រឹង​លើ​ការងារ​សុវត្ថិភាព និង​សន្តិសុខ​អាកាសចរ ផ្តល់​ការ​សិក្សា​អាកាសចរស៊ីវិល​នៅ​កម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ។

លោកស្រី Nguyen Binh Eva ក៏បាន​អបអរ​សាទរ ចំពោះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដោយមាន​ការផ្តល់​អាហារូបករណ៍​ពី​ប្រទេស​បារាំង បាន​បញ្ជូន មន្ត្រី និង​បាន​បញ្ចប់​ការ​សិក្សា លើ​ជំនាញ​ឯកទេស​គ្រប់គ្រង​ដឹកជញ្ជួន​ផ្លូវ​អាកាស កម្រិត​ក្រោយ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ០១​រូប នៅ​សាលា​អាកាសចរ​ជាតិ ENAC ប្រទេស​បារាំង ក្នុងឆ្នាំ​២០១២-២០១៣ និង​០២ រូប ទើប​បញ្ចប់​ការសិក្សា​ក្នុងខែ​កក្កដា ឆ្នាំ​២០១៩​នេះ នៅ​សាលា​អាកាសចរ​ក្រុង​ហុងកុង ដែលមាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ ENAC។

លោក​ ម៉ៅ ហាវណ្ណាល់ បានគួស​បញ្ជាក់​ពីកិច្ចសហប្រតិបត្តិ​ល្អ រវាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និង​អាជ្ញាធរ​អាកាសចរស៊ីវិល​បារាំង និងបាន​ថ្លែងអំណរគុណ​ដល់ប្រទេសបារាំង​ដែលបាន​ជួយដល់ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស លើវិស័យ​អាកាសចរ​ស៊ីវិល​នៅកម្ពុជា និង​សម្តែង​នូវការគាំទ្រ​ទាំងអស់ លើ​កិច្ចសហប្រតិបត្តិការ​ដែលបាន​ពិភាក្សា​ខាងលើ សំដៅ​អភិវឌ្ឍ​វិស័យ​អាកាសចរ​ ឱ្យកាន់តែ​រីកចម្រើន​ថែមទៀត៕

កែសម្រួល៖ស៊ាងម៉ី

អត្ថបទ និងរូបថត៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds