ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ដកការបញ្ជាទិញយន្តហោះ 737 Max
(ក្រុងរីយ៉ាដ)៖ក្រុមហ៊ុនផលិតយន្តហោះអាមេរិកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាកាសចរណ៍ Flyadeal ដែលផ្តល់សេវាហោះហើរតម្លៃទាបរបស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បានដកការបញ្ជាទិញបណ្តោះអាសន្ននូវយន្តហោះ 737 MAX ដែលហាមហោះហើររបស់ក្រុមហ៊ុន Boeing ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះបានបញ្ជាក់ថា ខ្លួននឹងប្រតិបត្តិការដោយប្រើប្រាស់យន្តហោះរបស់ក្រុមហ៊ុន Airbus ទាំងស្រុង។
អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Boeing បានថ្លែងថា៖ «យើងយល់ថា ក្រុមហ៊ុនអាកាសចរណ៍ Flyadeal នឹងមិនទាន់បញ្ចប់ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះយន្តហោះ 737 MAX នៅឡើយទេនៅពេលនេះ ដោយសារលក្ខខណ្ឌតម្រូវដែលគ្រោងទុករបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ»។
សេចក្ដីប្រកាសនេះបង្ហាញពីការបរាជ័យមួយផ្សេងទៀតសម្រាប់ក្រុមហ៊ុន Boeing ដែលយន្តហោះ 737 MAX របស់ខ្លួន ត្រូវបានហាមឃាត់ការហោះហើរ ចាប់តាំងពីពាក់កណ្ដាលខែមីនា បន្ទាប់ពីការធ្លាក់យន្តហោះ ២ គ្រឿង ដែលបានសម្លាប់មនុស្ស ៣៤៦ នាក់។
ក្នុងសេចក្ដីប្រកាសដាច់ដោយឡែកមួយ ក្រុមហ៊ុន Flyadeal បានឲ្យដឹងថា ខ្លួននឹងប្រតិបត្តិការយន្តហោះ A320 ទាំងអស់ ដោយបានទិញក្នុងចំនួនរហូតដល់ ៥០ គ្រឿង ពីក្រុមហ៊ុន Airbus ដែលជាគូប្រកួតប្រជែងនៅអឺរ៉ុបរបស់ក្រុមហ៊ុន Boeing។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានឲ្យដឹងថា៖ «ក្រុមហ៊ុន Flyadeal ប្រកាសកំណើនដ៏សំខាន់មួយចំពោះក្រុមយន្តហោះរបស់ខ្លួន ជាមួយនឹងការបញ្ជាទិញយន្តហោះ A320 NEO ចំនួន ៣០ គ្រឿង និងជម្រើសទិញបន្ថែមយន្តហោះត្រកូល A320 NEO ចំនួន ២០ គ្រឿងផ្សេងទៀត»។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានបន្ថែមថា ការចែកចាយនឹងចាប់ផ្ដើមនៅឆ្នាំ ២០២១ ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ AFP