លោក គន់ គីម ជំរុញអភិបាលខេត្តព្រះសីហនុ ចាត់វិធានការចំពោះសំណង់ទាំងឡាយណា ដែលកំពុងសាងសង់មិនប្រក្រតី

 

ព្រះសីហនុ៖ ថ្លែងក្នុងពិធីបំពាក់មេដាយជូនក្រុមអ្នកសង្គ្រោះ ជនរងគ្រោះក្នុងហេតុការណ៍​បាក់អគារ​កម្ពស់​៧ជាន់ ដែលជាមន្ត្រី បុគ្គលិក តាមអង្គភាព មន្ទីរមួយចំនួនក្នុងខេត្ត ប្រជាការពារ និងវិស័យឯកជន នៅ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៩ លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្ត​រាយ បាន​ជំរុញដល់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដោះស្រាយបញ្ហាសំណង់មិនប្រក្រតីទាំងឡាយ ដោយ​សុំឲ្យ​ម្ចាស់​សំណង់ទាំងនោះរុះរើចោល ជាពិសេសសំណង់ដែលកំពុងសាងសង់អំពីដែក ដើម្បីបញ្ចៀស​ការ​គ្រោះ​ថ្នាក់។

ការជំរុញរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ ទាក់ទងនឹងការរកឃើញភាពមិនក្រក្រតីខ្លះ របស់សំណង់អគារដែលកំពុងសាងសង់ ។

លោក គន់ គីម បានអោយដឹងថា «យើងត្រេកអរហើយចំពោះការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដែល​មាន​អគារខ្ពស់ៗ ច្រូងច្រាង តែទន្ទឹមនេះយើង ក៏មានការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាព នៃអគារទាំងឡាយ​នៅ​ទីនេះ ជាពិសេសអគារដែលសាងសង់ឡើងអំពីគ្រោងដែកដែលវាបានបង្ហាញលទ្ធផលដ៏​ឈឺចាប់​ដល់​យើង​រួចមកហើយ»។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបាក់រលំអគារ៧ជាន់នេះ គឺជាហេតុការណ៍មួយដែលគួរឲ្យសង្វេគ និងសោកស្តាយជាទីបំផុត ដែលយើងត្រូវយកចិត្តទុកដាក់នៅ ក្នុងការបញ្ចៀសហេតុការណ៍ដ៏អាក្រក់បែបនេះ៕

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds