ប្រជាជនកំពុងជីកដី ក៏ស្រាប់តែប្រទះឃើញ បដិមាដ៏ធំមួយប៉ុន្តែព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ ត្រូវបាត់បង់
កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានគេប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ។ ការរកឃើញបដិមាធំមួយនេះក្រោយពេលដែលប្រជាជននៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។ លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់។ លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។
អ្នកបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាជាបឋមទាក់ទងនឹងភិនភាគបដិមានេះ ភ្លាមៗមិនអាចសន្និដ្ឋានបាននៅឡើយថាជាទ្វាបាល ឬព្រះវិស្ណុ ឬអ្វីផ្សេង នោះទេ ដោយហេតុនៃការបាត់បង់ផ្នែកសំខាន់ៗនៃតួខ្លួនច្រើន។ កិច្ចការបន្តដើម្បីអភិរក្សរូបបដិមានេះ ក្រុមការងារនឹងគូររូប ថតរូប វាស់វែង ចងក្រងឯកសារ បន្ទាប់មកយកទៅរក្សាទុកនៅរោងជាង ដើម្បីឱ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និងតភ្ជាប់នូវបំណែកបដិមានេះឡើងវិញមុននឹងតាំងបង្ហាញជាសាធារណៈ។ បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួរខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរដោយមានការចូលរួមពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តសៀមរាប៕