ក្រុមការងារគណកម្មការឆ្នេរថ្នាក់ខេត្ត បានចុះរុះរើសំណង់ដែលធ្វើពីគ្រោងដែកនៅឆ្នេរអូរត្រេះ១ក្រុងព្រះសីហនុ
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៩ នេះក្រុមការងារគណកម្មការឆ្នេរថ្នាក់ខេត្ត ចុះរុះរើសំណង់ដែលធ្វើទីគ្រោងដែក នៅលើទីតាំងដីតំបន់ឆ្នេរអូរត្រេះ១ ក្រុងព្រះសីហនុ បានចំនួន២កន្លែងផ្សេងពីគ្នា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលលួចសាងសង់ដោយគ្មានការអនុញ្ញាត ហើយធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់នៃតំបន់ឆ្នេរ។
បើតាមមន្ត្រីជំនាញបញ្ជាក់ថា កន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់សំណង់នេះ មិនឲ្យធ្វើការសាងសង់ទេ និងបានទុករយៈពេលឲ្យរុះរើចេញវិញដោយខ្លួនឯង ក៏ប៉ុន្តែម្ចាស់សំណង់នៅតែលួចបន្តធ្វើការសាងសង់ មិនស្តាប់តាមការណែនាំឡើយ ទើបក្រុមការងារចម្រុះ សម្រេចដឹកនាំកម្លាំងចុះយកគ្រឿងចក្រ រុះរើចេញចេញតែម្ដង។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរមន្ទីរទេសចរណ៍ខេត្ត បានអោយដឹងថា សំណង់រឹងមាំមិនត្រូវបានអនុញ្ញាតឲ្យសាងសង់ លើតំបន់ឆ្នេរនេះបានទេ។ ចំណែកសំណង់ដែលបានសង់ចាស់យូរហើយនោះ ត្រូវរក្សាស្ថានភាពដើមសិន រងចាំចំណាត់ការជាក្រោយស្រមតាមគោលការរបស់ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរកម្ពុជា។
លោកថា ឆ្នេរអូរត្រេះនេះគ្រោងនឹងរៀបចំជាឆ្នេរគំរូ មួយវិញទៀតឆ្នេរនេះគ្រោង នឹងយកជាកន្លែងធ្វើពិធីបុណ្យសមុទ្រនៅឆ្នាំក្រោយផង ដូច្នេះខេត្តត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សោភ័ណ្ឌភាពឆ្នេរ ឲ្យបានល្អប្រសើរមិនអាចឲ្យសាងសង់សំណង់ មិនរៀបរយផ្តេសផ្តាសថ្មីទៀតបានទេ៕
អត្ថបទ៖ សុខ លាភ