លោក សម រង្ស៊ី៖ បើលោក ស ខេង ថ្លៃថ្នូរមែន និងក្លាហាន គាត់ត្រូវតែប្តឹងខ្ញុំទៅតុលាការប្រទេសបារាំង
ភ្នំពេញ៖ បន្ទាប់ពី សម្ដេច ស ខេង បានសម្រេច ប្ដឹង លោក សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញ ជាលក្ខណៈបុគ្គល ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៤៩៤ និង៤៩៤ លោក សម រង្ស៊ី បានជំរុញអោយលោក ស ខេង ប្តឹងលោកទៅតុលាការប្រទេសបារាំង។
លោក សម រង្ស៊ី សរសេរនៅក្នុងប្រអប់ផ្តល់មតិ ( Comment ) ថា បើលោក ស ខេង ចង់មានភាពថ្លៃថ្នូរមែន គាត់មិនគួរទៅលេងសើច ជាមួយតុលាការទីក្រុងភ្នំពេញ សព្វថ្ងៃនេះទេ។ តុលាការនេះ ជាតុលាការអាយ៉ង ដែលចាំតែស្តាប់បញ្ជា ពីអ្នកនយោបាយ កាន់អំណាចសព្វថ្ងៃ។ សាលក្រម ប្រកាសដោយតុលាការនេះ គ្មានតម្លៃអ្វីទេ បើគិតពីគតិយុត្តិធម៌ ពីព្រោះអ្នកទន់ខ្សោយគ្មានសែស្រឡាយនយោបាយ និងអ្នកក្រគ្មានលុយសូកចៅក្រម គឺជាអ្នកដែលគេឲ្យចាញ់ និងរងគ្រោះជានិច្ច យ៉ាងអយុត្តិធម៌ជាទីបំផុត។
លោក សម រង្ស៊ី បន្ថែមថា ខ្ញុំយល់ច្បាស់ហើយថា លោក ស ខេង ប្តឹងខ្ញុំនៅចំពោះមុខតុលាការអាយ៉ងនេះ គឺគ្រាន់តែពីព្រោះគាត់ធ្វើតាមបញ្ជាពីលោក ហ៊ុន សែន ដែលបានប្រាប់គាត់ថា “បើចង់ឲ្យគេជឿថាគាត់ (ស ខេង) មិនព្រមបែកពី ហ៊ុន សែន ទេ ដូចអ្វីដែល សម រង្ស៊ី បានលើកឡើងនោះ គាត់ (ស ខេង) ត្រូវតែប្តឹងពី សម រង្ស៊ី”។ ដូច្នេះ រឿងនេះ ជារឿងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទេ។ តុលាការអាយ៉ង ទីក្រុងភ្នំពេញ ច្បាស់ជាឲ្យ ស ខេង ឈ្នះ ១០០ ភាគរយ ដោយគ្មានហានិភ័យអ្វីឡើយ។
តែបើលោក ស ខេង មានភាពថ្លៃថ្នូរមែន ហើយមានភាពក្លាហានតែបន្តិច គាត់ត្រូវតែប្តឹងខ្ញុំ នៅចំពោះមុខតុលាការប្រទេសបារាំង ពីព្រោះតុលាការនេះ ជាតុលាការឯករាជ្យ គឺគ្មាននរណាអាចដឹងថា នរណាឈ្នះ នរណាចាញ់ ជាមុនឡើយ។ ម៉្យាងទៀត ខ្ញុំក៏កំពុងតែរស់នៅប្រទេសបារាំងសព្វថ្ងៃ ហើយយោបល់របស់ខ្ញុំទាំងឡាយ ក៏បញ្ចេញពីទឹកដីប្រទេសបារាំងដែរ។ លោក ស ខេង គួរណាស់មានភាពថ្លៃថ្នូរ និងភាពក្លាហាន ហើយប្តឹងខ្ញុំ នៅចំពោះមុខតុលាការបារាំង ដូចអ្វីដែលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើថ្មីៗនេះ៕
អត្ថបទ៖ សុខ លាភ