មូលនិធិ IMF អនុម័ត​កម្ចី ៦ ពាន់​លាន​ដុល្លារ ​សម្រាប់​ប៉ាគីស្ថាន

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាល​ពី​ថ្ងៃ​ពុធ​បាន​អនុម័ត​ទឹក​ប្រាក់ ៦ ពាន់​លាន​ដុល្លារ ​សម្រាប់​​ជា​កម្ចី​រយៈពេល ៣ ឆ្នាំ​ ដល់​ប្រទេស ​ប៉ាគីស្ថាន ដើម្បី​ជួយ​​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​​អាស៊ី​ខាង​ត្បូង​មួយ​នេះ។

ជាមួយ​ការ​អនុម័ត​របស់​ក្រុម​ប្រឹក្សាភិបាល​របស់​មូលនិធិ​នេះ IMF នឹង​បញ្ចេញ​ទឹក​ប្រាក់ ១ ពាន់​លាន​ដុល្លារ ​ភ្លាមៗ​ទៅ​ឲ្យ​ប្រទេស ​ប៉ាគីស្ថាន ហើយ​នឹង​បញ្ចេញ​ប្រាក់​ពី​ដៃគូ​អន្តរជាតិ​ផ្សេងៗ​ប្រហែល ៣៨ ពាន់​​​លាន​ដុល្លារ ​ក្នុង​អំឡុង​ពេល​​កម្មវិធី​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេស ​ប៉ាគីស្ថាន។

មូលនិធិ IMF បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា កម្មវិធី​នេះ​មាន​បំណង​ «គាំទ្រ​ដល់​កម្មវិធី​កំណែ​​ទម្រង់​សេដ្ឋកិច្ច​របស់​អាជ្ញាធរ» និង​ជួយ «កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​សេដ្ឋកិច្ច និង​បង្កើត​​ឲ្យ​មាន​កំណើត​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព និង​តុល្យភាព»។

រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​យល់ព្រម​លើ​កម្មវិធី​កម្ចី​នេះ​នៅ​ខែ​មុន និង​បាន​ប្រកាស​ផែនការ​​​ ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ស៊ីវិល និង​​បង្កក​​​ចំណាយ​ផ្នែក​យោធា ខណៈ​សន្យា​​​បង្កើន​ប្រាក់​​ចំណូល​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ទប់ស្កាត់​ឱនភាព​សារពើពន្ធ និង​សន្យា​​​ប្រមូល​ពន្ធ​​​ឲ្យ​បាន​ ៣៦ ពាន់​​លាន​ដុល្លារ ៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds