សម្តេច ស ខេង ដាក់ពាក្យប្តឹង លោក សម រង្ស៉ី ពីបទញុះញង់
(ភ្នំពេញ)៖ លោក សម រង្ស៉ី មេក្រុមប្រឆាំង ត្រូវបានក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមបណ្តាញព័ត៌មានក្នុងស្រុកចេញផ្សាយនៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ។
នៅក្នុងពាក្យបណ្តឹងនេះ សម្តេចក្រឡាហោម បានទាមទារឱ្យតុលាការ កាត់ទោសលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។
ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង។
ក្នុងលិខិតពាក្យបណ្តឹងរបស់ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា «ការប្រឌិតព័ត៌មានទម្លាក់កំហុស និងមួលបង្កាច់របស់ឈ្មោះ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុង ដែលអាចធ្វើឲ្យមានវិវាទផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល»។
ពាក្យបណ្តឹងបានបន្ថែមទៀតថា៖ «ទង្វើទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្សី មានចេតនាទុច្ចរិតក្នុងការញុះញង់បំផុសបំផុលធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញដល់ស្ថេរភាពនយោបាយ និងសន្តិភាពរបស់ជាតិទាំងមូល»។
រហូតមកដល់ពេលនេះ លោក សម រង្ស៉ី កំពុងតែជាប់ពាក់ព័ន្ធនឹងបណ្តឹងជាច្រើន ក្នុងនោះក៏មានសំណុំរឿងព្រហ្មទណ្ឌមួយចំនួន ដែលបានកាត់ទោសឱ្យលោក ជាប់ពន្ធនាគារផងដែរ៕
អត្ថបទ៖ សុខ លាភ