តុលាការកោះហៅ ប្រធានមន្ទីរពេទ្យកុមារជាតិឲ្យចូលបំភ្លឺ ក្រោយធ្វើឲ្យអ្នកជំងឺម្នាក់ស្លាប់

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ត្រូវបានលោក អ៊ុំ សុភក្តិ តំ​ណាង​​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូល​បំភ្លឺក្រោយ​ពីមាន​បណ្តឹង​ចោទប្រកាន់ថា បានធ្វេសប្រហែសធ្វើឲ្យអ្នកជំងឺស្លាប់។

ដីកាកោះ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ បានបង្គាប់ឲ្យលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបណ្តឹងរបស់ឈ្មោះ ហៃ ឡុង និងឈ្មោះ ចោម ស្រីពៅ ជាអាណាព្យាបាលកុមាររងគ្រោះ ឈ្មោះ ឡុង ឌីណា។

ជាមួយគ្នានេះដែរ លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ ក៏បានចេញដីកាកោះហៅ លោក វេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា ដែលបម្រើការនៅមន្ទីរពេទ្យកុមារជាតិឲ្យចូលខ្លួនឆ្លើយនៅថ្ងៃជាមួយគ្នានេះផងដែរ។

គួររម្លឹកថា កាលពីទី១៨ ខែមិថុនា ឆ្នាំ២១៩ ឪពុកម្តាយរបស់កុមាររងគ្រោះ បានដាក់ពាក្យប្តឹង ប្រធានមន្ទីរពេទ្យ កុមារជាតិ និងវេជ្ជបណ្ឌិតម្នាក់ឈ្មោះ សរ ច័ន្ទចិត្រា ទៅតុលាការ ពីបទ ធ្វេសប្រហែសឲ្យកុមារស្លាប់។

នៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានឈ្មោះ ហៃ ឡុង ជាឪពុក និងឈ្មោះ ចោម ស្រីពៅ ជាម្តាយ របស់កុមារឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ ១៦ខែ បានរៀបរាប់ថា កាលពី​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់ បានយកកូនប្រុស ដែលក្តៅខ្លួន ទៅព្យាបាលនៅមន្ទីរពេទ្យ កុមារជាតិ។ នៅម៉ោង១រសៀលថ្ងៃដដែល គ្រូពេទ្យ បានចាក់ថ្នាំ និងព្យួរសេរ៉ូម ឲ្យកូនប្រុសពួកគាត់ ព្រោះក្រោយពិនិត្យឈាមទៅឃើញថា ជាជំងឺគ្រុនឈាមកម្រិតស្រាល។ ស្រាប់តែដល់ម៉ោង ៥ និង៥៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កូនប្រុសពួកគាត់បានស្លាប់។

ក្រោយពីកូនប្រុសរបស់ពួកគាត់ស្លាប់ ស្រាប់តែ លោកវេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា និងគ្រូពេទ្យចំនួន ៤នាក់​ទៀត មកសម្រួល និងសន្យាថា មន្ទីរពេទ្យនឹងដោះស្រាយ ដូច្នេះទើបពួកគាត់ព្រមយក​កូនទៅធ្វើ​បុណ្យនៅស្រុកកំណើតឯខេត្តព្រៃវែង។

ពាក់ព័ន្ធករណីនេះ អង្គភាព Fast News មិនទាន់ទាក់ទងលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរ​ពេទ្យ កុមារជាតិ ដើម្បីធ្វើការឆ្លើយតបបានទេនៅព្រឹកថ្ងៃទី៥ ខែកក្កដានេះ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open