កម្ពុជាជាប់ជាប្រទេសដែលពិបាករកកម្មករជំនាញបំផុត
កាលពីថ្ងៃ ២៥ ខែមិថុនា កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានផ្តល់កម្ចីដល់កម្ពុជា ៦០ លានដុល្លារដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យពលកម្មកម្ពុជា ស្របពេលដែលកម្ពុជាកំពុងប្រឈមបញ្ហាកម្មករខ្វះជំនាញច្រើន ។
ADB ថា កម្ពុជាជាប្រទេសដែលមានភាពប្រកួតប្រជែងសេដ្ឋកិច្ចលំដាប់ ១១០ ក្នុងចំណោម ១៤០ ប្រទេសពីរបាយការណ៍ the 2018 Global Competitiveness Report ខណៈដែលកម្ពុជាប្រឈមនឹងបញ្ហាពិបាកស្វែងរកបុគ្គលិកនិងកម្មករជំនាញដើម្បីបម្រើការនៅតាមស្ថាប័នផ្សេងៗ ដែលត្រូវការអ្នកកាន់ដំណែងផ្នែកបច្ចេកទេស ។
កម្មវិធីអប់រំ បណ្តុះបណ្តាលជំនាញនិងវិជ្ជាជីវៈនៅកម្ពុជាសព្វថ្ងៃ មិនត្រូវតាមតម្រូវការទីផ្សារពលកម្មជាក់ស្តែង ខណៈការអប់រំថ្នាក់បរិញ្ញាបត្រភាគច្រើនផ្តោតតែលើជំនាញនិងការងារផ្នែកសេវាកម្ម ។
អ្នកជំនាញផ្នែកអប់រំរបស់ ADB ប្រចាំអាស៊ីអាគ្នេយ៍ អ្នកស្រី Yumiko Yamakawa ឲ្យដឹងថា ពលករដែលមានជំនាញខ្ពស់ជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសកម្ពុជា ជម្រុញការរីកចម្រើនសេដ្ឋកិច្ចនិងពង្រីកកម្លាំងពលកម្ម ។
ស្របពេលគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាប្រាប់ថា មនុស្ស ៥៧% នៅកម្ពុជាអាចប្រឈមនឹងបញ្ហាអត់ការងារធ្វើនៅរយៈពេល ២០ ឆ្នាំខាងមុខ ដោយសារម៉ាស៊ីនស្វ័យប្រវត្តិ ។
ក្រសួងការងារក៏បានបញ្ជាក់ថា កម្ពុជាកំពុងជួបប្រទះបញ្ហាភាពមិនស៊ីគ្នានៃការបណ្តុះបណ្តាលជំនាញ ដោយប្រព័ន្ធអប់រំនៅមានកម្រិត ជាងនេះទៅទៀតការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងបណ្តាលឲ្យមានការបាត់បង់ការងារ និងបង្កើតការងារថ្មីៗ ។
ក្រសួងការងារបានបញ្ជាក់ថា កម្មករដែលមានជំនាញទាបទាំងអស់តម្រូវឲ្យត្រៀមខ្លួនទុកមុនដើម្បីរៀនជំនាញថ្មីដែលចេញដោយកម្មវិធីអប់រំ បណ្តុះបណ្តាលជំនាញនិងវិជ្ជាជីវៈ ហៅកាត់ថា TVET និងបន្តរៀនសូត្រមួយជីវិតដើម្បីរត់តាមទីផ្សារការងារដែលផ្លាស់ប្តូរជានិច្ច ៕
ដកស្រង់៖ ស៊ាងម៉ី
ប្រភព៖ Business Cambodia