ក្រសួងយុត្តិធម៌ កំពុង​ស៊ើបអង្កេត​លើ​ករណី​ស្រី្តជាប់ពន្ធនាគារ ១៦៥ឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងថា ស្រ្តីខ្មែរម្នាក់ ជាប់ពន្ធនាគារ រហូតដល់ទៅ១៦៥ឆ្នាំ ដោយសារតែ​មាន​ទោស​​បូកផ្សំ តែអ្វីដែលជាក្តីសោកសង្រេងនោះ គឺស្រី្តរូបនោះ មានកូនតូច នៅជាប់នឹងខ្លួនថែមទៀត។

លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោក ជីវ កេង អនុប្រធានតុលាការកំពូល កំពុងស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ម្នាក់ ដែល​ជាប់ពន្ធនាគារ ១៦៥​ឆ្នាំ​។

លោក វ​ឌ្ឍ​នា ដែល​ទើប​ទទួលបាន​ព័ត៌មាន​នេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​យុត្តិធម៌ ស៊ើបអង្កេត​លើ​ករ​ណី​នេះ ដើម្បី​រក​មូលហេតុ​ឲ្យ​ច្បាស់​។​ បើតាម​របាយការណ៍​នៃ​សាលក្រម ដែល​តុលាការ​បាន​បញ្ជូនទៅ​លោក អង្គ វង្ស វ​ឌ្ឍ​នា នោះ គឺ​ការផ្ដន្ទាទោស​ស្ត្រី​ខាងលើ​នោះ ដោយ​យោងតាម​បទល្មើស​ព្រហ្មទណ្ឌ ដែល​ស្ត្រី​រូបនោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ជាមួយ​ស្វាមី​កន្លងមក​។ ត្រង់ចំណុច​នេះ​លោក វ​ឌ្ឍ​នា បាន​បញ្ជាក់ថា សាលក្រម​នីមួយៗ​បាន​កាត់ទោស​ឲ្យ​ស្ត្រី​រូបនោះ ជាប់ទោស​ពី​៨​ឆ្នាំ​ឡើងទៅ​។ បើតាម​លោក វ​ឌ្ឍ​នា ស្វាមី​របស់​ស្ត្រី​រូបនេះ ជា​ក្រុមចោរប្លន់​យ៉ាង​សាហាវ ដោយ​ក្នុង​មួយឆ្នាំ​ចេញ​ប្លន់​យ៉ាងតិច​៩​ករណី​។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក កែវ រ៉េមី នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បានសរ​សេរ​ថា”សូមអរគុណជាអនេក ជូនដល់ ឯកឧត្តម អង្គវង្ស័ វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូលដែលបានយកចិត្តទុកដាក់លើករណី ពេជ្រ សូណែត​ ដើម្បីបង្កើន​ល្បឿន​ទាក់ទងបណ្តឹងឧទ្ធរណ៍”។
​យោងតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​នីតិវិធី​ច្បាប់​កម្ពុជា គឺ​តម្រូវ​ឲ្យ​ជនល្មើស​ជាប់ទោស​ណាមួយ ដែល​តុលាការ​កាត់​ឲ្យ​ជាប់ពន្ធនាគារ​ច្រើនជាងគេ ក្នុងចំណោម​ទោស​ដែល​បាន​ប្រព្រឹត្តិ​ប៉ុណ្ណោះ ។ ក្នុងន័យនេះ​លោក វ​ឌ្ឍ​នា ក៏​យល់ថា ស្ត្រី​ជាប់ពន្ធនាគារ​ខាងលើ មិនត្រូវ​អនុវត្ត​ទោស​រហូតដល់​១៦៥​ឆ្នាំ​នោះទេ​។ «​ខ្ញុំ​កំពុង​តាមដាន​រឿងនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​៕
អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds