លោក ញឹក ប៊ុន​ឆៃ បដិសេធការចោទ​ប្រកាន់ទៅលើរូប​លោ​ក ចំពោះការ​លក់​ដី​៣​កន្លែង នៅខេត្ត​បន្ទាយមានជ័យ

 

ភ្នំពេញ)៖ ថ្លែងតាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ញឹក ប៊ុន​ឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបដិសេធការចោទ​ប្រកាន់ទៅលើរូប​លោ​ក ចំពោះការ​លក់​ដី​៣​កន្លែង នៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ នៅស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

លោកអះអាងថា ពាក់ព័ន្ធនឹងការលក់ដីនេះ លោកមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ដែលអាចត​តាំងជា​មួយ​​គូជម្លោះ ឬបំភ្លឺកាន់តែច្បាស់ នៅក្នុងករណីដែលមានកិច្ចពិភាក្សាណាមួយ ដែលរៀបចំដោយ អាជ្ញា​ធរ​​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។

លោក ញឹក ប៊ុនឆៃ បានថ្លែងថា៖ «ឥឡូវបានប្រគល់មកខាងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី យើងខ្ញុំរីក​រាយ ព្រោះយើងខ្ញុំមានឯកសារគ្រប់គ្រាន់ ដែលក្នុងករណីទាំងអស់នេះ គឺសង្ឃឹមថាយើងខ្ញុំ ទទួល​បាន​យុត្តិធម៌នៅពេលដែលអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី ដែលនឹងមានការ​កោះប្រជុំនៅ​ពេលឆាប់ៗ​នេះ​»។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើលិខិតមួយជូន ឧបនាយករដ្ឋមន្រ្តី ជា សុ​ផា​​រ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និងជា​ប្រធាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំ​នាស់​​ដីធ្លី​ ឱ្យដោះស្រាយទៅលើបណ្តឹងពលរដ្ឋដែលប្តឹង លោក ញឹក ប៊ុនឆៃ អំពីភាពមិនប្រក្រតី​ក្នុងការ​លក់​ដី៣កន្លែង នៅក្នុងឃុំចំនួន៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លិខិតនេះ ធ្វើឡើងតាមចំណារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពី​មាន​របាយ​​ការ​ណ៍​សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលោក សុខសុវណ្ណ វឌ្ឍនា សាពង្ស (ហៅ william guang) ប្រធានគណបក្សខ្មែរក្រោក ដែលបានចុះស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី​ទំនាស់ដី​ធ្លី​នេះ៕

អត្ថបទ៖ សុខ លាភ​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds