កម្ពុជា នឹងមានប្រភពអគ្គិសនីបន្ថែមទៀតដើរដោយវារីអគ្គិសនី និងពន្លឺព្រះអាទិត្យ
(ភ្នំពេញ)៖ រដ្ឋសភាជាតិ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បានអនុម័តសេចក្តីព្រាងច្បាប់យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះគម្រោងវិនិយោគក្នុងវិស័យអគ្គិសនីចំនួន ៣ ដូចខាងក្រោម៖
១. គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អានុភាព ៨០មេហ្កាវ៉ាត់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
២.គម្រោងវិយោគបន្ថែមសមត្ថភាពស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ២០ មេហ្កាវ៉ាត់ថែមពីលើគម្រោងចាស់ ៦០មេហ្កាវ៉ាត់ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ សរុបទាំងអស់ ៨០ មេហ្កាវ៉ាត់
៣.គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យថ្មីពីរកន្លែង មានអានុភាព ១២០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំងអានុភាព ៦០មេហ្កាវ៉ាត់ និងនៅពោធិ៍សាត់ អានុភាព ៦០មេហ្កាវ៉ាត់។
គោលដៅនៃគម្រោងទាំង៣ខាងលើ គឺដើម្បីជួយបន្ថែមសមត្ថភាពប្រភពអគ្គិសនី ទប់ទល់នឹងកំណើននៃសេចក្តីត្រូវការអគ្គិសនីនៅក្នុងឆ្នាំ២០២១, ២០២២ និងឆ្នាំ២០២៣។ គម្រោងអភិវឌ្ឍប្រញាប់មួយចំនួនទៀតនឹងដាក់ជូនសភា ដើម្បីធ្វើការពិនិត្យ និងអនុម័តជាបន្តបន្ទាប់ទៀត៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា