លោក ម៉ម ប៊ុនហេង ៖ ការស្លាប់ដោយជំងឺគ្រុនឈាមនៅមន្ទីរពេទ្យ ភាគច្រើន គឺទទួលបាន​ការព្យា​បាល​​រួចហើយតាមពេទ្យឯកជន

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រង ថែទាំ និងព្យាបាល​ជំងឺ​គ្រុនឈាម» នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ករណីដែលស្លាប់ដោយជំងឺគ្រុនឈាមនៅតាមមន្ទីរពេទ្យ ភាគច្រើន គឺទទួលបាន​ការព្យា​បាល​​រួចហើយដោយខ្លួនឯង ឬជាមួយពេទ្យឯកជនមួយចំនួន ឬតាមឱសថស្ថានដែលផ្សំថ្នាំ ដោយគ្មាន​ពិនិត្យរោគវិនិច្ឆ័យ។

លោក ម៉ម ប៊ុនហេង ថ្លែងបន្ដថា «បញ្ហាពីរយ៉ាងនោះ គឺពេលខ្លួន ឬកូនរបស់ខ្លួនក្ដៅខ្លួន ផ្ដល់ឱសថ​ដោយ​​ខ្លួនឯង និងទៅពេទ្យដែលមិនមានជំនាញ ឬមួយទៅកន្លែងលក់ឱសថ ឱ្យគេផ្សំឱ្យលេប ដែល​ធ្វើឱ្យកើតមានបញ្ហាពីរ គឺទី១៖ ការប្រើប្រាស់សេរ៉ូមទឹកខ្ពស់ ធ្វើឱ្យទឹកលេចសួត និងទី២៖ ប្រើប្រាស់​ថ្នាំបញ្ចុះកំដៅ ប៉ារ៉ាសេតាម៉ុល (Paracetamol) ច្រើនលើសចំណុះ ធ្វើឱ្យយើងខូចថ្លើម ឬរលាកថ្លើម ដែលជំរុញឱ្យមានការហូរឈាមចេញមក ដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិតបាន» ។

លោករដ្ឋមន្ដ្រីបន្ដថា  ករណីដែលស្លាប់ដោយជំងឺគ្រុនឈាមនៅតាមមន្ទីរ ដែលគេបញ្ជូនមកមន្ទីរពេទ្យ​យើងនេះ ភាគច្រើន គឺទទួលបានការព្យាបាលរួចហើយដោយខ្លួនឯង ឬជាមួយពេទ្យឯកជនមួយចំនួន ឬតាមឱសថស្ថានដែលផ្សំថ្នាំ តែបានធ្វើឱ្យជំងឺនោះ កាន់តែធ្ងន់ធ្ងរ ដូច្នេះហើយបានជាយើង​នៅតែបន្ដ​ពង្រឹងចំណេះដឹងលើផ្នែកនេះ ទៅដល់គ្រូពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេស។

ជាមួយគ្នានេះដែរលោកអំពាវនាវដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱថសការីទាំងអស់ សូម​កុំ​ចេះតែលក់ថ្នាំ ដោយគ្មានវេជ្ជបណ្ឌិតត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាស ព្រោះជំងឺគ្រុនឈាមនេះ វាខុសប្លែក​ពី​ជំ​ងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន វិនិច្ឆ័យឱ្យបានច្បាស់លាស់។

សូមជម្រាបថា គិតត្រឹមសប្ដាហ៍ទៅ២១ ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ មានចំនួន​សរុប​ ១៣.៨៤៣ករណី ស្លាប់ ២៤នាក់ (អត្រាស្លាប់០,២) មានន័យថា ប្រហែល៥ដងកើន​ឡើងច្រើនជាង​ឆ្នាំ២០១៨ ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds