អជ្ញាធរខេត្តសៀមរាប ​ចុះ​បិទ​ការដ្ឋាន​រណ្តៅ​ដី​មួយ​កន្លែង​ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត

សៀមរាប​៖​ ​កម្លាំង​នគរបាល​ខេត្ត​ ​និង​ស្រុក​ប្រាសាទបាគង​ រួមជាមួយ​មន្ទីរ​រ៉ែ​ ​និង​ថាមពល​ខេត្តសៀមរាប​ ​បាន​ចុះ​បិទ​ការដ្ឋាន​រណ្តៅ​ដី​មួយ​កន្លែង​ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ​ស្ថិតនៅ​ភូមិ​អន្លង់​ពីរ​ ​ឃុំ​ត្រពាំងធំ​ ​ស្រុក​ប្រាសាទបាគង​ ​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​។​



​​លោក​ ​សូរ​ ​ប្លា​តុង​ ​អភិបាលស្រុក​ប្រាសាទបាគង​ ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ​ការដ្ឋាន​មួយ​នេះ​ ​គឺ​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ ​ឬមន្ទីរ​ជំនាញ​ណាមួយ​ឡើយ​ ។ លោក​ថា​ ​ការដ្ឋាន​ជីកដី​នេះ​ ​បាន​ចាប់​ធ្វើអាជីវកម្ម​ជីកដី​ ​អស់​រយៈពេល​ជាង​ ​៤ខែ​ហើយ​ ​។​

​លោក​អភិបាលស្រុក​ ​បាន​បន្ត​ទៀត​ថា​ ​កន្លងមក​ ​លោក​បានឱ្យ​មន្ត្រី​ជំនាញ​ ​ចុះ​មក​ធ្វើការ​ផ្អាក​មិន​ឱ្យធ្វើ​អាជីវកម្ម​ជីកដី​ដោយ​ខុសច្បាប់​ ​ចំនួន​ ​២ដង​រួចមក​ហើយ​ ​ដើ​មី្ប​ឱ្យ​ម្ចាស់ការ​ដ្ឋាន​ទៅ​សុំច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​ ​។​ ​ប៉ុន្តែ​ម្ចាស់ការ​ដ្ឋាន​នេះ​ ​មិន​គោរព​ការ​ហាមឃាត់​របស់​មន្ត្រី​ជំនាញ​ ​ថែមទាំង​បន្ត​ធ្វើការ​ជីក​យក​ដី​ដដែល​ ​។​

​លោក​ ​មាស​ ​ជូរ៉ា​នី​ ​ប្រធានមន្ទីរ​រ៉ែ​ ​និង​ថាមពល​ ​បានអោយដឹងថា​ ​រាល់​ការ​ធ្វើអាជីវកម្ម​ធនធាន​រ៉ែ​ទាំង​អស់​ ​ត្រូវ​មានច្បាប់​ត្រឹមត្រូវ​ ​និង​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​អាជ្ញា​បណ្ណ​ ​ឱ្យ​ខាន​តែ​បាន​ ​និង​ត្រូវ​បញ្ឈប់​រាល់​ការអនុវត្ត​ខុសច្បាប់​។​ ​លោក​ថា​ ​ ​បើ​នៅតែ​អនុវត្ត​ខុស​ ​គឺ​ត្រូវ​ទទួលកំហុស​ចំពោះមុខ​ច្បាប់​ជាធរមាន​ ​។​​ ​«​ការដ្ឋាន​រណ្តៅ​ដី​ ​ស្ថិតនៅ​ក្នុង​ស្រុង​ប្រាសាទបាគង​ ​មាន​ចំនួន​ ​៤កន្លែង​ ​តែ​មានច្បាប់​អនុញ្ញាត​តែ​ ​៣រណ្តៅ​ទេ​ ​ហើយក៏​បាន​កំពុង​ធ្វើអាជីវកម្ម​តែ​ ​១រណ្តៅ​ប៉ុណ្ណោះ​ ​។​ ​ចំពោះ​ការដ្ឋាន​រណ្តៅ​ដី​ទីតាំង​នេះ​ ​ពុំ​បាន​សុំច្បាប់​ឡើយ​»​ ​។​



​ក្នុង​ការ​ចុះ​បិទ​នោះ​ដែរ​ ​ក្រុមការងារ​ ​ក៏បាន​ធ្វើការ​បិទ​ក្លុំ​ ​(​អេ​ស្កា​វ៉ា​ទ័រ​)​ ​ចំនួន​ ​៤គ្រឿង​ ​និង​រថយន្ត​ទាំង៩​គ្រឿង​ ​មិន​ឱ្យធ្វើ​សកម្មភាព​មួយ​រយៈ​ ​រហូតដល់​មានច្បាប់​អនុញ្ញាត​ពី​ខេត្ត​ ​ឬ​ក្រសួង​ជាមុន​សិន​ ​ទើប​អាចយ​ក​គ្រឿងចក្រ​ទាំងនេះ​ ​ទៅ​ធ្វើអាជីវកម្ម​វិញ​បាន​ ​៕​

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds