លោក គួច ចំរើន មានគម្រោងបង្វែររថយន្តដឹកកុងតឺន័រ ឲ្យទៅតាមផ្លូវស្ទឹងហាវវិញ ដើម្បីជួយកាត់បន្ថយការស្ទះចរាចរណ៍ តាមផ្លូវជាតិលេខ៤
ព្រះសីហនុ ៖ បន្ទាប់ពីឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន គ្រោងបង្វែរកុងតឺន័រ ឲ្យទៅតាមផ្លូវស្ទឹងហាវវិញ និងបញ្ហាមួយទៀតគឺចង់សិក្សាផ្លូវមួយខ្សែចេញពី ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ រាម កាត់តាមអូរត្រេះមក ក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ៤។
ការប្រកាសបែបនេះនៅពេលដែលលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថា «ជំហានដំបូងសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយហើយ បានឱ្យក្រុមការងារបច្ចេកទេសសិក្សាពីប្រពន្ធលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់មានដូចជា៖ ទី១-ប្រវែងលូ, ទី២- តម្លៃនៃការសាងសង់, ទី៣-ប្រើរយៈពេល នៃការសាងសង់ និងទី៤-ការវិនិយោគប្រពន្ធលូទឹកកខ្វក់ និងលូរទឹកភ្លៀង។
លោកអះអាងថា «បញ្ហាខ្សាច់សមុទ្រយក មកលាយជាមួយខ្សាច់កំពង់ស្ពឺ ក៏ជាបញ្ហាប្រឈមដល់ការដ្ឋានសំណង់នានា ក្នុងក្រុងព្រះសីហនុ តម្រូវឱ្យក្រុមការងារសិក្សា ផលប៉ះពាល់ដល់ការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ»៕
អត្ថបទ៖ សុខ លាភ