ចិនត្រៀមបើក អាកាសយាន្តដ្ឋានអន្តរជាតិធំបំផុតរបស់ខ្លួន
អាកាសយាន្តដ្ឋានថ្មីនេះមានឈ្មោះថា Beijing Daxing International Airport មានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីប្រជុំជនប្រមាណ ៤៦ គីឡូម៉ែត្រពីទីក្រុងប៉េកាំង ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន CACC (China Airport Construction Corporation of Caac) ដែលមានទំហំសរុបជាង ១ លានម៉ែត្រការ៉េ ហើយចាប់ផ្ដើមដំណើរការសាងសង់នៅក្នុងឆ្នាំ ២០១៤ ។
ហើយនឹងបើកដំណើរការនៅចុងខែកញ្ញាឆ្នាំនេះ បន្ទាប់ពីការការសាកល្បងធ្វើតេស្តដ៏សំខាន់ៗចំនួន ៦ ដំណាក់កាលដើម្បីវាយតម្លៃបន្ថែមអំពីការត្រៀមលក្ខណៈប្រតិបត្តិការរបស់ព្រលានយន្តហោះ និងដោះស្រាយបញ្ហាដែលអាចកើតមាន។ ដោយការធ្វើតេស្តនេះសរុបទាំងអស់ ៧៨៧ ករណី រួមទាំងការហោះហើរសាកល្បងចំនួន ៥០០ លើក និងចំនួនអ្នកដំណើរ ៥២,០០០ នាក់។
វាជាអាកាសយាន្តដ្ឋានអន្តរជាតិទី២ របស់ទីក្រុងប៉េកាំងត្រូវបានបញ្ជប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងគោលបំណងជួយកាត់បន្ថយសម្ពាធពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំងទី១ ដែលមានមនុស្សច្រើនហួសប្រមាណនៅតំបន់ជាយក្រុងភាគឦសាន ។
លើសពីនេះ អាកាសយាន្តថ្មីនេះត្រូវបានគេព្យាករណ៍ថានឹងមានអ្នកដំណើរឆ្លងកាត់ដល់ទៅ ៧២ លាននាក់នៅឆ្នាំ ២០២៥ និងកើនឡើងបន្ថែមទៀតរហូតដល់ ១០០ លាននាក់នៅត្រឹមឆ្នាំ ២០៤០ ដែលជាចំនួនមួយដ៏ច្រើន ជាងអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta នៅសហរដ្ឋអាមេរិក ដើម្បីក្លាយជាព្រលានយន្តហោះធំបំផុតនៅលើពិភពលោក។ បើយោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនគឺ ក្រុមហ៊ុនអាកាសចរណ៍ដូចជា China Eastern Airlines Corp និងក្រុមហ៊ុន China Southern Airlines Co. នឹងចាប់ផ្តើមហោះចេញពីព្រលានថ្មីនៅចុងឆ្នាំនេះ ៕
កែសម្រួល៖ ស៊ាងម៉ី