មន្ត្រីCPP អតីតមន្ត្រីCNRP អ្នកវិភាគបញ្ហាសង្គម ​លើក​ឡើងផ្សេងៗគ្នា ពី​ការលាលែង នឹងការតែងតាំងលោក យន្ត មីន

 

ព្រះសីហនុ៖ បន្ទាប់ពីការលាលែងពីតំណែងជាអភិបាលខេត្តព្រះសីហនុ ត្រូវតែតាំងថ្មីជា​រដ្ឋលេខា​ធិការ​ក្រសួងការពារជាតិ មន្ត្រីបក្សកាន់អំណាច អតីតមន្ត្រីបក្សប្រឆាំង អ្នកវិភាគបញ្ហាសង្គម បាន​លើក​ឡើងពី​ការលាលែងពីតំណែង នឹងការតែងតាំងនេះផ្សេងៗគ្នា ។

លោកអ៊ុំ សំអាន អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានអោយដឹងថា ការតែងតាំងលោក យន្ត មីន ជា​រដ្ឋលេខាធិ​ការ​ក្រសួង​ការ​ពារជាតិ ហើយតំឡើងពីផ្កាយបីទៅផ្កាយបួន គឺជាការប្រមាថដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានស្លាប់​ដោយសារបាកអគារនៅខេត្តព្រះសីហនុ។ លោកថា លោក យន្ត មីន ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​នៅខេត្តព្រះសីហនុ​ ។ គាត់បានទទួលកំហុសរបស់គាត់ដែរមិនត្រឹមដកតំណែង តាម​ការ​ស្នើសុំរបស់គាត់​ទេ គួរតែសើបអង្កេរឿងនេះ មិនគួរ​​តំ​ឡើង​​​តំណែងគាត់អោយខ្ពស់ជាងមុនទេ ។

លោកបន្ថែមថា គួរតែបើកការសើបអង្កេតអោយបានច្បាស់លាស់​ ថាអ្នកណាជា​អ្នកទទួល​ខុស​ត្រូវ​ចំ​ពោះ​ករណីនេះ ព្រោះស្លាប់អស់២៨នាក់ច្រើនណាស់​ គួរតែបើកការសើបអង្កេតថា​អ្នកណា​ខ្លះដែល​ពាក់​ពន្ធ​ក​រណីនេះ ​ឬអាចមកពីអំពើរពុករលួយ​។

ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកឃ្លាំមើល​បញ្ហា​សង្គម​បាន​ស្តី​បន្ទោស​ថា ការសម្រេច​តែងតាំង​លោក យន្ត មីន ឱ្យ​ឡើង​កាន់​តួនាទី​ថ្មី​គឺ​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ ដោយសារតែ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​អគារ​បាក់​ដួល​រលំ​នោះ ត្រូវតែ​មានការ​ស៊ើប​ជា​មុន​សិន​ដើម្បី​នាំ​ខ្លួន​យក​មក​កាត់ទោស​តាមច្បាប់ មុន​នឹង​សម្រេច​តែងតាំង​ដំណែង​អ្វីមួយ៖ «អាហ្នឹង​អសីលធម៌​សម្បើម​ណាស់ សព​របស់​អ្នករងគ្រោះ​មិន​ទាន់​បាន​ធ្វើបុណ្យ ៧​ថ្ងៃ​ផង ហើយ​យើង​ដំឡើង​បុណ្យស័ក្ដិ​មន្ត្រី​ដែល​មាន​ការ​ចោទប្រកាន់​ថា មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​បាក់​រលំ​ផ្ទះ​សង្កត់​អ្នក​ទាំងនោះ​ឱ្យ​ស្លាប់ វា​អត់​ត្រូវ​ទេ»។

ដោយឡែកលោក មាស បូពៅ ប្រធានគណបក្សកសិករ បានអោយដឹងថា ស្នើដាក់លោក យន្ត មីន  ឲ្យស្ថិតក្រោមការ​ត្រួត​ពិនិត្យ​របស់​អង្គភាពប្រឆាំងអំពើពុករលួយ ACU ជាមុនសិន (មុនតម្លើងតំណែង) ពាក់ព័ន្ធករណីការដ្ឋានសំណង់ចិនគ្មានច្បាប់អនុញ្ញាតិក្រោមការគ្រប់គ្រងរបស់សាលាខេត្តព្រះសីហនុ សំណង់អាគារគ្មានគុណភាព ធ្វើឲ្យបាក់រលំមានមនុស្សស្លាប់ និងរបួសជាច្រើននាក់កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ បានអោយដឹង​ថា លោក យន្ត មីន​ពិត​ជា​មាន​សមត្ថភាព​កាន់​តួនាទី​នេះ យន្ត មីន មិនបាន​ទៅ​ធាក់​ឱ្យ​បាក់​អគារ​ហ្នឹង​កិន​មនុស្ស​ស្លាប់​ឯណា គេ​បាន​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ហ្នឹង ហើយ​យន្ត មីន ក៏​មាន​ការ​សោកស្ដាយ​ហើយ ក៏​មានការ​ក្ដុកក្ដួល​ជា​ខ្លាំង​ដែរ ក្នុង​ខ្លួន​ដែល​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​ខេត្ត​ព្រះសីហនុ​ហ្នឹង​បាទ»។

ជាមួយគ្នុានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​លើក​ឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុថា ការលា​លែងពីតំណែងរបស់ ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ គឺជាស្មារតី​ទទួលខុសត្រូវ​គួរឲ្យ​គោរព៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds