គង់ សំបូរ តាំងចិត្តដណ្ដើមជ័យជម្នះនៅសង្វៀន ONE ក្រោយបរាជ័យលើកទី១
ថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០១៩
កីឡាករប្រដាល់វ័យ ២៣ ឆ្នាំ គង់ សំបូរ កំពុងសម្ងំហ្វឹកហាត់យ៉ាងខ្លាំងក្លានៅក្លឹបប្រដាល់ «អាណាចក្រប្រយុទ្ធ» នាទឹកដីខេត្តសៀមរាប ក្រោមការបង្វឹករបស់លោក ជា រិទ្ធ ក្នុងការដាក់គោលដៅយកជ័យជម្នះឲ្យខាងតែបាន បើសិនជាមានការប្រកួតបន្ទាប់នៅសង្វៀន One Championship ឬ ជាការប្រកួតសងសឹកទល់នឹងកីឡាករ Zhang Chenlong របស់ចិន។
ការតាំងចិត្តយ៉ាងដូច្នេះ បន្ទាប់ពីអតីតកូនសិស្សរបស់លោក ធន់ សុភា ចាញ់ពិន្ទុកីឡាករ Zhang Chenlong របស់ចិន កាលពីខែកុម្ភៈ កន្លងមកនៅសិង្ហបុរី ដែលជាការប្រកួតនៅលើសង្វៀនលំដាប់ពិភពលោកលើកទី១។ បញ្ហាប្រឈមដែលនាំឲ្យមានលទ្ធផលមិនសមប្រកបនេះ ត្រូវបាន សំបូរ ទម្លាយថា ការមិនទាន់សុំាទៅនឹងការធ្វើដំណើរផ្លូវឆ្ងាយដោយយន្តហោះ និង ការញុំាអាហារនៅ សិង្ហបុរី ជាដើម។
បែបណាក្ដី អតីតកូនសិស្សក្លឹបប្រដាល់ការពារជាតិ សារភាពថា ៖«ខ្ញុំចាញ់កម្លាំង Zhang ហើយគេខ្ពស់ជាង ខ្ញុំខ្លីជាងគេ …គេវែងហើយរហ័សទៀត ដូច្នេះខ្ញុំមិនអាចចូលផ្ដេសផ្ដាសលើគេបានទេ។ ខ្ញុំត្រូវវ៉ៃចូល ហើយចេញឲ្យលឿន ហើយ ម្យ៉ាងទៀត នៅកម្មវិធីនោះ គេមិនឲ្យយើងចូលវ៉ៃកៀកពេកដែរ ខ្លាចយើងប្រើកែង។ ពេលនោះខ្ញុំដឹង បើសិនខ្ញុំហ៊ានប្ដូរ ខ្ញុំច្បាស់ជាសន្លប់ ហើយ មានមតិរិះគន់កាន់តែច្រើន។ ហ្នឹងខ្ញុំខំព្យាយាមតស៊ូដល់ទឹក៣ ផងនៅតែមានបងប្អូនគាត់រិះគន់ខ្លះ។ យ៉ាងណាក្ដី ខ្ញុំបានរៀបសូត្រពីការប្រកួតនេះច្រើន ហើយ បើមានការប្រកួតលើកក្រោយកម្រិតប្រហែលនេះ ឬ ការសងសឹក ខ្ញុំនឹងអាចឈ្នះជាមិនខាន»។
គង់ សំបូរ ដែលទើបវ៉ៃកីឡាករក្នុងស្រុក ហុត គឺមហៀង មកពីក្លឹបប្រដាល់ក្រសួងមហាផ្ទៃឲ្យសន្លប់ទឹកទី៣ថ្មីៗនេះ រំលឹកទៀតថា គេបានមើលវីដេអូរបស់ Zhang ដែលវ៉ៃខាវបានល្អណាស់ ជាពិសេសកីឡាករចិនរូបនេះចង់វ៉ៃឲ្យគេសន្លប់នៅទឹកទី ៣តែម្ដង ហើយ នេះជារឿងដែល សំបូរ ប្រុងប្រយ័ត្នខ្ពស់។ កីឡាករគុនខ្មែររូបនេះរៀបរាប់ទៀតថា តាំងពីប្រកួត One មក ខ្លួនទើបឡើងវ៉ៃបានម្ដងប៉ុណ្ណោះ ពេលឈ្នះ ហុត គឺមហៀង នៅសង្វៀន ស៊ីអិនស៊ី ប៉ុន្តែ គេនៅតែប្រឹងហាត់ខ្លាំងតាមតែអាចធ្វើទៅបានដើម្បីមានឱកាសទៅវ៉ៃនៅក្រៅប្រទេស។
អ្នកលេងគុនខ្មែរដដែលគូសបញ្ជាក់ទៀតថា ៖«ខ្ញុំហ្វឹកហាត់ជាប្រចាំរាល់ថ្ងៃមិនធ្វេសប្រហែសឡើយ នៅក្លឹប អាណាចក្រប្រយុទ្ធ នៃខេត្តសៀមរាប។ ហើយមួយទៀត ខ្ញុំក៏តមអាហារដែរ អាហារណាត្រូវញុំា និង អាហារណាមិនត្រូវញុំា ដើម្បីកុំឲ្យប៉ះពាល់ដល់កម្លាំង»។
ទាក់ទិននឹងការប្រកួតកម្រិតអន្តរជាតិនៅសិង្ហបុរីលើកដំបូង លោក ជា រិទ្ធ ដែលជាគ្រូបង្វឹករបស់ សំបូរ បានទទួលស្គាល់ថា កូនសិស្សខ្លួនពិតជាចាញ់កម្លាំងកីឡាករចិន រួមទាំងបទពិសោធន៍ខ្ចី និង ការហូបចុកក៏ជាចំណែកប្រឈមដែរ។ ទោះយ៉ាងណាឆ្លងកាត់ការប្រកួតខាងលើ លោកមានការជឿជាក់ថា កូនសិស្សរបស់លោកនឹងទទួលបានលទ្ធផលល្អនាការប្រកួតលើកក្រោយ។ គង់ សំបូរ ទើបតែឡើងវ៉ៃនៅសង្វៀន One Championship បានម្ដងគត់កាលចុងខែ កុម្ភៈ កន្លងទៅនៅសិង្ហបុរី។ ប៉ុន្តែ បើនិយាយអំពីកំណត់ត្រាទូទៅ គេឡើងប្រកួតលើសង្វៀនសរុបបានចំនួន ៨៥ លើកហើយ ដែលក្នុងនោះ ឈ្នះ ៦៩ និង ចាញ់ ១៦ ដង។ សំបូរ ប្រឡូកក្នុងសង្វៀនប្រដាល់គុនខ្មែរ តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ៕
ប្រភព ៖ SABAYS