ឈ្លោះជាមួយប្រពន្ធរឿងទិញបន្លែមិនល្អមកធ្វើម្ហូបសោះ ប្តីចិត្តខ្មៅចាប់កូនបោកនឹងសសរផ្ទះស្លាប់តែម្តង
សៀមរាប ៖ ឪពុកបង្កើតបានបោកកូន និងសសរផ្ទះបាយបណ្តាលអោយសន្លប់បាត់ស្មារតី(ធ្ងន់) ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។
ឪពុកឈ្មោះ ផ្លាយ វិភាត់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនរងគ្រោះឈ្មោះ ផាង ផល្លា ភេទប្រុស អាយុ១ឆ្នាំ ២ខែ មានម្តាយ ឈ្មោះ សោម សុខុម អាយុ២៨ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់អោយដឹងថា ៖ បុរសជាប្តីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រឿងទិញបន្លែមិនល្អយកមកធ្វើម្ហូប ហើយប្រពន្ធដើរទៅយកទឹក ប្តីក៏ចាប់លើកកូនរួចយកទៅបោកនិងសសរផ្ទះបាយ បណ្តាលអោយកូនសន្លប់បាត់ស្មារតី ថែមទាំងយកកាំបិតរកកាប់កូនទៀត ប៉ុន្តែបានបងប្អូនស្រែកឃាត់ ទើបជនល្មើសដែលជាឪពុកឈប់ ។ ក្រោយមកបងប្អូនយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យកុមារ តែជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩ រីឯចំណែកជនសង្ស័យជាឪពុកបានរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕