ហេតុអ្វីបានជា ពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?
ចាស់ៗតែងហាមកូនចៅមិនឲ្យគេងផ្កាប់មុខ ខ្លាចរកស៊ីអត់ឡើង។តែបើតាមហេតុផលវេជ្ជសាស្ត្រ ពេទ្យក៏ហាមមិនឲ្យក្មេងៗ ឬគ្នាយើង ទម្លាប់គេងផ្កាប់មុខដែរ ព្រោះប៉ះពាល់សុខភាពច្រើន។ “Hello គ្រូពេទ្យ” នឹងបញ្ជាក់ពីហេតុផលខាងក្រោម។
១- ប៉ះពាល់ឆ្អឹងកងខ្នង
មនុស្សជាច្រើន មិនថាក្មេងមិនថាចាស់ សុទ្ធតែធ្លាប់គេងផ្កាប់ ហើយគេងបែបនេះ នឹងបង្កឲ្យមានការឈឺចាប់ចំនួន មិនថាតែក្នុងសន្លាក់ ខ្នង ឆ្អឹងកង ឬកនោះទេ។ ពេលខ្លះ អាចបង្កឲ្យឈឺកាន់តែខ្លាំង នាំឲ្យយើងភ្ញាក់ភ្លាមៗទាំងកណ្តាលយប់ក៏មាន។
ផលវិបាកអាការៈឈឺចាប់នេះ អាចប៉ះពាល់ដល់ផាសុកភាពជីវិត មានទាំងការគេងមិនលក់ និងឈឺចាប់ ពេលបញ្ចេញសកម្មភាពរាងកាយម្តងៗ ព្រោះថា ពេលគេងផ្កាប់មុខ ការសង្កត់ និងភាពតឹងណែនលើឆ្អឹងខ្នង ឆ្អឹងជំនីរកាន់តែកើនឡើង ហេតុនេះទម្រង់ឆ្អឹងផ្សេងៗត្រូវទ្របន្ទុកកាន់តែខ្លាំង។ ឆ្អឹងខ្នងស្រដៀងទៅនឹងបំពង់សម្រាប់ដាក់សរសៃប្រសាទ នាំឲ្យរាងកាយទាំងមូល មានការឈឺចាប់បណ្តាលមកពីការសង្កត់លើឆ្អឹងខ្នង។
២- ប៉ះពាល់ដល់ឆ្អឹងក
អំឡុងពេលគេងផ្កាប់មុខ យើងច្បាស់ជាត្រូវគេងងាកកទៅម្ខាង ដើម្បីងាយស្រូបយកអុកស៊ីហ្សែន។ ធ្វើបែបនេះ នឹងនាំឲ្យក្បាល និងឆ្អឹងកងមិនត្រង់ មានន័យថា កយើងរមួល។ បញ្ហានេះ ភ្លាមៗមិនបង្កផលវិបាកធំដុំអីទេ តែយូរៗទៅនឹងកាន់តែធ្ងន់ និងក៏ជាកត្តាគ្រោះថ្នាក់បំផុតមួយផងដែរ។
បន្ទាប់មក ពេលគេងក្នុងទម្រង់បែបនេះ កនឹងមានហានិភ័យលៀនទ្រនាប់ឆ្អឹងកងនៅក ដែលចាត់ទុកជាការភ្លាត់ឆ្អឹងធ្ងន់ធ្ងរ ត្រូវចៀសវាងឲ្យបាន។ ពេលឆ្អឹងខ្នងឈានព្រំដែនរបស់វា ឬនិយាយម្យ៉ាងទៀត ការបត់បែនដល់ព្រំដែន នោះទ្រនាប់ឆ្អឹងខ្នងនឹងមានសភាពទន់ ងាយនឹងបែកបាក់បាន។ ពេលទ្រនាប់ឆ្អឹងខ្នងលៀនចេញ ហើយសង្កត់លើប្រព័ន្ធសរសៃប្រសាទ យើងនឹងប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។
៣- កត្តាគួរប្រុងប្រយ័ត្នចំពោះស្រីៗមានផ្ទៃពោះ
ចំពោះស្រីៗចូលចិត្តគេងផ្កាប់មុខ ត្រូវប្រយ័ត្នឲ្យបានច្រើនអំឡុងពេលមានផ្ទៃពោះ អ្វីទាំងអស់យើងធ្វើ គឺធ្វើសម្រាប់មនុស្ស ២នាក់ មិនមែនម្នាក់ឯងទៀតទេ។ ហេតុនេះ ត្រូវតែសម្រាកឲ្យបានច្រើនដើម្បីប្រាកដថា កូនក្នុងផ្ទៃមានសុខភាពល្អ។ បើគិតចង់គេងផ្កាប់មុខពេលកំពុងពពោះ កុំអី ពិតជាគ្រោះថ្នាក់ណាស់ ក៏ស្តាប់ទៅមិនទំនងដែរ។ យ៉ាងណា ស្រីៗទម្លាប់គេងបែបនេះ ត្រូវតែផ្លាស់ប្តូរទម្លាប់ចេញ ដើម្បីសុវត្ថិភាពទាំងខ្លួនយើង និងកូន ពិសេសគេងបែរទៅឆ្វេងកាន់តែធ្វើឲ្យយើងមានអារម្មណ៍សុខស្រួល។
បើយើងពិបាកខ្លាំងប្តូរទម្លាប់គេងរបៀបនេះ ឬមានការឈឺចាប់ដោយការគេងផ្កាប់មុខ ត្រូវស្វែងរកជំនួយពីគ្រូពេទ្យជំនាញកាន់តែលឿនកាន់តែប្រសើរ ដើម្បីទទួលបានការប្រឹក្សា និងជម្រើសព្យាបាលត្រឹមត្រូវ ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ Helloគ្រូពេទ្យ