លោក មាជ សុវណ្ណារ៉ា ទាមទារឲ្យរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ឲ្យអ្នកបើកឡានឲ្យលោក ដែលត្រូវគេវាយស្លាប់
ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ស្នើរឲ្យ រាជរដ្ឋាភិបាល សម្តេចតេជោសែន ត្រូវតែស្វែងរកយុត្តិធម៌ សហការី អ្នកបើកឡានឲ្យ លោកដែលត្រូវគេវាយចំក្បាលស្លាប់ ដោយអាថ៌កំបាំងបំផុត ។
លោក មាជ សុវណ្ណារ៉ា តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះថា បង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា.អតីតសកម្មជនបក្សសង្រ្គោះជាតិ ដែលជាសហការី និងជាអ្នកបើកបររបស់ខ្ញុំផ្ទាល់បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលការវះកាត់ឈាមកកក្នុងខួរក្បាល កាលពីរំលងអាធ្រាតចូលព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៩ នេះ» ។
លោកបន្ថែមថា ការស្លាប់បាត់បង់ជីវិតលោក ជួន រដ្ឋា គឺជាឃាតកម្ម។ នេះបើយោងតាមការវិនិច្ឆ័យរបស់វេជ្ជបណ្ឌិតវៀតណាមនៅមន្ទីរពេទ្យសៃកន ជុំវិញរបួសស្នាមវ៉ៃក្បាលពីខាងក្រោយ។ ខ្ញុំសុំស្នើអោយអាជ្ញាធរ និងសមត្ថកិច្ចសូមស្វែងរកយុត្តិធម៌ដល់ក្រុមគ្រួសារដែលមានប្រពន្ធនិងកូនតូចៗ ៣នាក់។
លោកថា រយៈពេលពីរថ្ងៃហើយ មិនទាន់ឃើញសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចាត់វិធានការណ៍នៅឡើយទេ ព្រោះការស្លាប់របស់គាត់ដោយអាថ៌កំបាំងបំផុត ។ សូមជួយបញ្ចប់កុំអោយមានវប្បធម៌និទណ្ឌភាព នៃសង្គមដែលសម្លាប់មនុស្សដូចសត្វតិរិច្ឆានយ៉ាងនេះ?៕
អត្ថបទ៖ សុខ លាភ