ជំងឺគ្រុនឈាមពេលពពោះគ្រោះថ្នាក់ណាស់ ចំពោះស្រីៗត្រូវប្រយ័ត្នឲ្យមែនទែន!
មីៗនេះ ករណីផ្ទុះជំងឺគ្រុនឈាមច្រើនណាស់ ទាំងក្មេងទាំងចាស់ ប៉ាម៉ាក់មានកូនតូចៗ គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះតួលេខផ្ដល់ដោយមន្ទីរពេទ្យនានាទូទាំងប្រទេសកំពុងកើនឡើងយ៉ាងគំហុក។ ប៉ុន្តែទោះមិនទាន់មានកូន ស្រីៗកំពុងពពោះ ក៏ត្រូវប្រយ័ត្នខ្លួនឲ្យបានច្រើន ព្រោះគ្រុនឈាមពេលពពោះ កាន់តែប៉ះពាល់ខ្លាំង មិនមែនតែយើងទេ សុខភាពគភ៌ប៉ះពាល់ដែរ។
១- ជំងឺគ្រុនឈាម
ជំងឺគ្រុនឈាម មិនមែនកើតលើតែក្មេងៗទេ ចាស់ៗក៏កើត ស្រីមានផ្ទៃពោះ ក៏កើតដូចគ្នា ហើយយើងក៏ដឹងស្រាប់ ជំងឺគ្រុនឈាម ឆ្លងតាមរយៈមូសខ្លាញីខាំ អាចឆ្លងពីម្ដាយទៅកូននៅក្នុងផ្ទៃ ឬអំឡុងពេលសម្រាលទៀតផង។ ថ្វីត្បិតគ្រុនឈាម ជាជំងឺអាចព្យាបាលជា តែរោគសញ្ញាមួយចំនួន អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ មានករណីខ្លះបណ្ដាលឲ្យកូនកើតមិនគ្រប់ខែ កើតមិនគ្រប់គីឡូ ឬអាចស្លាប់ក្នុងផ្ទៃទៀតផង។
២- ធ្វើម៉េចដឹងថាកើតជំងឺគ្រុនឈាម? រោគសញ្ញាជំងឺគ្រុនឈាម រួមមាន ក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់សាច់ដុំ ឈឺក្នុងភ្នែក ឡើងកន្ទួលក្រហមលើស្បែក ឬចេញឈាមច្រមុះ។ មានគ្នាយើងខ្លះ វិវត្តដល់កម្រិតធ្ងន់ធ្ងរ ហៅថាគ្រុនឈាម Hemorrhagic (DHF) ដែលមានរោគសញ្ញា ដូចជា ក្អួតចង្អោរ ចុកពោះខ្លាំង ពិបាកដកដង្ហើម មានការហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ឬនៅពីក្រោមស្បែក។ គ្រុនឈាមប្រភេទនេះ អាចមានគ្រោះថ្នាក់ដល់ជីវិត បើមិនបានទទួលការព្យាបាលត្រឹមត្រូវ។ បើម៉ាក់ៗកំពុងពពោះ ហើយមានរោគសញ្ញាដូចរៀបរាប់នេះ ត្រូវទៅមន្ទីរពេទ្យ ដើម្បីពិគ្រោះ និងព្យាបាលជំងឺនេះឲ្យបានទាន់ពេល។
៣- ជំងឺគ្រុនឈាមព្យាបាលដោយរបៀបណា? តាមពិតទៅ មិនមានការព្យាបាលជាក់លាក់ទេចំពោះជំងឺគ្រុនឈាម ព្រោះជាធម្មតាអ្នកជំងឺនឹងជាសះស្បើយ បន្ទាប់ពីអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូចជា គេងឲ្យបានច្រើន ផឹកទឹកឲ្យបានច្រើន ដើម្បីចៀសវាងខ្វះជាតិទឹក និងលេបថ្នាំបន្ថយគ្រុនក្ដៅ និងបន្ថយអាការៈឈឺចាប់ (ចៀសវាងប្រើពពួកថ្នាំ NSAIDS ដូចជា Ibuprofen ឬ Aspirin)។ ចំពោះស្រីៗមានផ្ទៃពោះ ថ្នាំមួយចំនួនអាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ ហេតុនេះ ត្រូវពិភាក្សាពីផលប៉ះពាល់ និងវិធីដោះស្រាយត្រឹមត្រូវ។
បើមានអារម្មណ៍មិនស្រួលក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីគ្រុនក្ដៅថយចុះ ឧទាហរណ៍ ដូចជា ចង់ក្អួត ឬចុកពោះខ្លាំង ប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ ៤- ធ្វើម៉េចការពារខ្លួនពីជំងឺគ្រុនឈាម? មិនមានវ៉ាក់សាំងការពារជំងឺគ្រុនឈាមទេ នៅពេលគ្នាយើងធ្វើដំណើរទៅណាមកណា ជាពិសេសទៅតំបន់មានផ្ទុះគ្រុនឈាម ឬតំបន់សម្បូរមូសខ្លា គួរប្រយ័ត្នខ្លួនកុំឲ្យមូសខាំ។ គួរប្រើថ្នាំលាបការពារសត្វទិច ស្លៀកពាក់ជិតៗ និងនៅកន្លែងមានម៉ាស៊ីនត្រជាក់ ឬបិទទ្វារបង្អួចឲ្យជិត។