ការធ្វើចរាចរណ៍​នៅលើ​ស្ពាន​ដែក​បាឡេ នឹងត្រូវ​បិទ​ចាប់ពី​ម៉ោង ៩ព្រឹក​នេះ

(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា ការធ្វើចរាចរណ៍នៅលើ​ស្ពានដែកបាឡេឫស្សីកែវ នឹងត្រូវបិទ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៩នេះ។ ការផ្អាកនេះ មានរយៈពេល ១៥ថ្ងៃ​ ដើម្បីបើកការដ្ឋានថែទាំ និងត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស។ ផុតរយៈពេលកំណត់ ស្ពានដែកនេះនឹង​ដាក់ឱ្យដំណើរការ​ជាធម្មតាឡើងវិញ។

យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ស្ពាន​ដែកបាឡេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ទៅតំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ត្រូវបានដាក់ឱ្យដំណើរការ​ ១ឆ្នាំ​មកហើយ។ ដើម្បី​ធានា​បាន​នូវ​គុណភាព​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ជាអ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ដែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង​ធ្វើការ​ថែទាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​ស្ពាន រួមមាន៖ គ្រឿងបង្គំ​ស្ពាន​ផ្នែកខាងលើ និង​ផ្នែក​សសរទម្រស្ពាន។

ក្នុងអំឡុងពេលផ្អាកចរាចរណ៍នេះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏ស្នើឱ្យ​ប្រជាពលរដ្ឋ​ពង្វាង​ចរាចរណ៍​ដោយធ្វើដំណើរ​តាម​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយចង្វារទី១), ស្ពាន​មិត្តភាព​កម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) និង​ស្ពានព្រែកព្នៅ៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds