លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជាអ្នកនាំបញ្ហា ធ្វើអោយមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA
ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) នឹងចាប់ផ្ដើមអនុវត្តដំណើរការនីតិវិធីសម្រាប់ការដកការអនុគ្រោះពន្ធក្រោមកម្មវិធី «ទំនិញគ្រប់មុខលើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប និងថា ដំណើរការនេះអាចនឹងឈានទៅដល់ការព្យួរការអនុគ្រោះពន្ធក្រោមកម្មវិធី EBA ប្រសិនបើកម្ពុជាមិនធ្វើឲ្យមានការកែលម្អទេនោះ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជាអ្នកនាំបញ្ហា ធ្វើអោយមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ហ៊ុន សែន ជាអ្នកនាំបញ្ហា និងគ្រោះថ្នាក់ ដល់ប្រទេសជាតិ ពីព្រោះទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប (គឺការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA) បណ្តាលមកពីទង្វើផ្តាច់ការរបស់គាត់ ក្នុងការចាប់ឃុំឃាំងលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
មេដឹកនាំបក្សប្រឆាំងរូបនេះបន្តថា បើ ហ៊ុន សែន មិនចង់ឲ្យកម្មកររាប់សែននាក់បាត់បង់ការងារទេ គាត់ត្រូវតែដោះលែងលោក កឹម សុខា ហើយធ្វើឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ ហ៊ុន សែន ត្រូវតែគិតពីផលប្រយោជន៍ប្រជារាស្ត្រជាធំ ហើយមិនត្រូវគិតតែពីការចង់ក្រាញអំណាច ដោយកម្ចាត់គូប្រកួតនយោបាយ តាមរយៈការប្រើអំណាចផ្តាច់ការ ដែលធ្វើឲ្យពិភពលោកស្អប់ខ្ពើម របបគាត់។
ការអនុគ្រោះពន្ធក្រោមកម្មវិធី EBA មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្លាប់លើកឡើងជារឿយៗ ថា មែនទែនទៅ ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នឹងមិនស្ថិតនៅជាមួយកម្ពុជា បានរហូតនោះទេ ពោលគឺវានឹងត្រូវបាត់បង់នៅថ្ងៃណាមួយ ព្រោះប្រព័ន្ធអនុគ្រោះពន្ធនេះ គឺមានសម្រាប់តែប្រទេសមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ (LDC) ដូច្នេះ ប្រសិនបើកម្ពុជា ឡើងឋានៈហួសពីនេះ ច្បាស់ណាស់ កម្ពុជានឹងត្រូវរបូត EBA នេះហើយ៕
អត្ថបទ៖ សុខ លាភ