លោក អ៊ុំ សំអាន ៖ CPP មានកំណើតមកពីបក្សកុម្មុយនីស្ដឥណ្ឌូចិន ដែលដឹកនាំដោយ ហូ ជីមិញ
ភ្នំពេញ ៖ ខណៈដែលសមាជិកសមាជិការគណបក្សប្រជាជកម្ពុជារាប់ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះចូលរួមប្រារព្ធខួប៦៨ឆ្នាំ ខួប៦៨ឆ្នាំនៃថ្ងៃបង្កើតបក្សនៅមជ្ឍមណ្ឌលកោះពេជ្រ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា អញ្ជើញចូលរួមផងដែរ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានលើកឡើងពីប្រវត្តិរបស់គណបក្សមួយនេះ។
លោក អ៊ុំ សំអាន បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅរសៀលថ្ងៃទី២៨ ចែមិថនា នេះថាអ្នកដឹកនាំដំបូងរបស់បក្សប្រជាជនបដិវត្តកម្ពុជា ក្រោយមកប្តូរឈ្មោះជាគណបក្សប្រជាជនកម្ពុជា គឺ លោក សឺង ង៉ុកមិញ ហៅ អាចារ្យ មៀន ដែលជាយួនហើយជាសិស្សរបស់ ហូ ជីមិញ ។ គណបក្សប្រជាជនកម្ពុជាបង្កើតនៅឆ្នាំ១៩៥១ មានកំណើតមកពីបក្សកុម្មុយនីស្ដឥណ្ឌូចិន ដែលដឹកនាំដោយ ហូ ជីមិញ។ ហូ ជីមិញ អ្នកបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន។
លោកថា ហូ ជីមិញ អនុវត្តនយោបាយឆ្ពោះមកទិសខាងលិច ដោយយកបានកម្ពុជាក្រោម ហើយវៀតណាមសព្វថ្ងៃកំពុងអនុវត្តនយោបាយនេះហើយនឹងឈានមកយកកម្ពុជាកណ្តាលនិងឡាវ ទៀតនាពេលអនាគត៕
អត្ថបទ៖ សុខ លាភ