ម៉ៃ ថៃសាន់ ចាយខ្ជះខ្ជាយលុយជាង ៣០០លានដុល្លារ ឥឡូវសល់ត្រឹម ៣លានដុល្លារប៉ុណ្ណោះ
លោក ម៉ៃ ថៃសាន់ (ជនជាតិអាមេរិក) កើតនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ១៩៦៦ នៅក្នុងទីក្រុងញូយ៉ក នៃប្រទេសអាមេរិក ដែលស្ថិតនៅតំបន់គ្រោះថ្នាក់។ ត្រឹមតែអាយុ ១៣ឆ្នាំសោះ លោកត្រូវប៉ូលីសចាប់ខ្លួនចំនួន ៣៨ដងមកហើយ ជាពិសេសទៅទៀត លោកអត់ចង់ទៅរៀនទេ តែប្រសិនបើទៅរៀន លុះត្រាតែមានគេបង្ខំ ទើបលោកទៅរៀននៅសាលា Tryon។ នៅក្នុងសាលានោះ លោកបញ្ចេញសមត្ថភាពប្រដាល់របស់លោក ដល់មិត្តភក្តិផងដែរ។
ពេលនោះលោក Bobby Stewart ដែលធ្លាប់ធ្វើជាទីប្រឹក្សាមជ្ឈមណ្ឌលឃុំឃាំងអនីតិជន និងជាអ្នកប្រដាល់ បានជួប ម៉ៃ ថៃសាន់ នៅសាលានោះ។ ក្រោយពីឃើញពីសមត្ថភាពរបស់ ម៉ៃ ថៃសាន់រួចមក លោក Bobby Stewart បានណែនាំឱ្យស្គាល់លោក Cus D’Amato ដែលជាគ្រូបង្វឹកប្រដាល់ និងអ្នកគ្រប់គ្រងប្រដាល់។ នៅពេលលោក អាយុ ១៦ឆ្នាំ ម្តាយរបស់លោកបានស្លាប់ ដូចនេះលោក Cus D’Amato បានក្លាយទៅជាអាណាព្យាបាល ឬជាឪពុករបស់លោកផ្ទាល់។
ម៉ៃ ថៃសាន់ បានឈ្នះការប្រគួតដំបូងគេ ក្នុងកម្មវិធីអូឡាំពិក នៅឆ្នាំ១៩៨២ ដោយទទួលបានមេដៃប្រាក់១។ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ១៩៨៥ ម៉ៃ ថៃសាន់ បានវ៉ៃលោក Hector Mercedes ឱ្យសន្លប់ ហើយបន្ទាប់មកទៀត លោកបានប្រគួតយកខ្សែក្រវ៉ាត់ KO/TKO ដោយទទួលបានជ័យជំនះ២៦លើក ខណៈចាញ់២លើក។ នៅខែវិច្ចិកា ឆ្នាំ១៩៨៥ លោក Cus D’Amato បានស្លាប់ ដូចនេះ ធ្វើឱ្យ ម៉ៃ ថៃសាន់ បាត់បង់គ្រូបង្វឹក និងអាណាព្យាបាលដ៏យូរមកហើយ។
នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ លោកបានប្រគួតជាមួយ Jesse Ferguson ដោយមានការចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ដំបូងគេបំផុតសម្រាប់រូបលោក។ នៅអាយុ ២០ឆ្នាំ លោកបានក្លាយជាកីឡាករប្រដាល់ក្មេងទម្ងន់ធ្ងន់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តក្បាច់ប្រដាល់។ បន្ទាប់មក លោកដើរប្រដាល់ជាមួយកីឡាករទម្ងន់ធ្ងន់ផ្សេងៗដូចជា James Smith, Pinklon Thomas, និង Tony Tucker ដោយទទួលបានជ័យជំនះជានិច្ច។
នៅកំឡុងឆ្នាំ១៩៨៨ ជីវិតឯកជនរបស់លោក ហាក់ដូចជាមិនសូវមានសេចក្តីសុខ ពីព្រោះលោកបានលែងលះប្រពន្ធ Robin Givens ហើយបានបណ្តេញគ្រូបង្វឹករបស់លោកគឺ Kevin Rooney ចេញពីជីវិតរបស់លោក។ ព្រោះតែគ្មានគ្រូបង្វឹក លោកបានវ៉ៃចាញ់កីឡាករប្រដាល់ទម្ងន់ធ្ងន់ Buster Douglas ក្រោយពីចាញ់កីឡាករ Buster Douglas លោក ថៃសាន់ ចាប់ផ្តើមឡើងទម្ងន់ ហើយចាយលុយច្រើនមហាសាល។ ក្រោយមកលោក ថៃសាន់ ត្រូវបានប៉ូលីសចាប់ខ្លួនដោយសារចាប់រំលោកសេពសន្ថវៈទៅលើតារាបង្ហាញម៉ូត Desiree Washington (នាងមានអាយុ ១៨ឆ្នាំ)។ នៅឆ្នាំ១៩៩២ លោក ម៉ៃ ថៃសាន់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក១០ឆ្នាំ ដោយសារករណីរំលោភនេះ។ លោកជាប់គុកបានតែ៣ឆ្នាំប៉ុណ្ណោះ ហើយត្រឡប់វិស័យកីឡាវិញនៅឆ្នាំ១៩៩៥ ដោយប្រគួតឈ្នះចំនួនពីរលើក និងទទួលបានលុយច្រើនមហាសាល។ នៅឆ្នាំ១៩៩៧ លោកបានវ៉ៃជាមួយ Evander Holyfield ដោយខាំត្រចៀក ដូចនេះ លោកត្រូវគេបញ្ឈប់ពីប្រដាល់ ហើយលោកបានប្រកាសពីការចូលនិវត្តន៍ពីប្រដាល់នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០០៥។
លោក ម៉ៃ ថៃសាន់ ជាអតីតកីឡាករប្រដាល់ទម្ងន់ធ្ងន់លំដាប់ពិភពលោក ហើយសព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិចំនួនតែ ៣ លានដុល្លារអាមេរិកប៉ុណ្ណោះ។ កំឡុងពេលដែលលោកមិនទាន់ចូលនិវត្តន៍ពីអាជីពប្រដាល់ លោករកចំណូលបានច្រើនរហូតដល់ ៣០០ លានដុល្លារអាមេរិកឯណោះ តែជាអកុសល លុយទាំងអស់នោះត្រូវរលាយ ដោយសារតែចាយមិនចេះគិតរបស់លោក។ ក្រៅពីលុយ ៣លានដុល្លារ លោកក៏នៅសល់ភូមិគ្រឹះដែលមានតម្លៃ ២.៥ លានដុល្លារ និងបន្តទិញភូមិគ្រឹះដែលមានតម្លៃ ១.៥ លានទៀតផងដែរ នៅទីក្រុង Las Vegas៕
ប្រែសម្រួលដោយ៖ កែវ ច័ន្ទសុផាវរុណ
ប្រភព៖ celebritynetworth