អតីតមន្ត្រីបក្សប្រឆាំង អ្នកវិ​ភាគ រិះគន់ការតែងតាំង​លោក យន្ត មីន ជារដ្ឋលេខាធិ​ការ​ក្រសួង​ការ​ពារជាតិ

 

បន្ទាប់ពីលោក យន្ត មីន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជា​រដ្ឋលេខាធិ​ការ​ក្រសួង​ការ​ពារជាតិ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន អតីតមន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល អ្នកវិ​ភាគ​​សង្គម​រិះគន់​ ចំពោះការតំឡើងតំណែង​លោក យន្ត មីន ឡើងទៅជាផ្កាយ៤ ។

លោកអ៊ុំ សំអាន អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានអោយដឹងថា ការតែងតាំងលោក យន្ត មីន ជា​រដ្ឋលេខាធិ​ការ​ក្រសួង​ការ​ពារជាតិ ហើយតំឡើងពីផ្កាយបីទៅផ្កាយបួន គឺជាការប្រមាថដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានស្លាប់​ដោយសារបាកអគារនៅខេត្តព្រះសីហនុ។ លោកថា លោក យន្ត មីន ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​នៅខេត្តព្រះសីហនុ​ ។ គាត់បានទទួលកំហុសរបស់គាត់ដែរមិនត្រឹមដកតំណែង តាម​ការ​ស្នើសុំរបស់គាត់​ទេ គួរតែសើបអង្កេរឿងនេះ មិនគួរ​​តំ​ឡើង​​​តំណែងគាត់អោយខ្ពស់ជាងមុនទេ ។

លោកបន្ថែមថា គួរតែបើកការសើបអង្កេតអោយបានច្បាស់លាស់​ ថាអ្នកណាជា​អ្នកទទួល​ខុស​ត្រូវ​ចំ​ពោះ​ករណីនេះ ព្រោះស្លាប់អស់២៨នាក់ច្រើនណាស់​ គួរតែបើកការសើបអង្កេតថា​អ្នកណា​ខ្លះដែល​ពាក់​ពន្ធ​ក​រណីនេះ ​ឬអាចមកពីអំពើរពុករលួយ​។

ចំណែកអ្នកវិភាគ​នយោបាយ​ លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ចោទ​ជា​សំណួរ​ថា តើ​ត្រូវ​ទេ ចំពោះ​ការតែងតាំង​ទេសរដ្ឋមន្ត្រី​មួយ​រូប​ដែល​នាយករដ្ឋមន្ត្រី ដកហូត​ពីមុខ​តំណែង​និង​ប្រកាស​លាំងៗ​ថា “​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ​”​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​រាជ រដ្ឋាភិបាល មាន​ឋាន​:​ស្មើ​ទេសរដ្ឋមន្ត្រី​នោះ​? លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ឆ្លើយ​សំណួរ​ខ្លួនឯង ថា បើ​ធ្វើ​តែ​យ៉ាង​នេះ គឺ​ខូច​ឈ្មោះ​រាជរដ្ឋាភិបាល ខូច​ឈ្មោះ​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​អស់ហើយ​។ លោក​បន្ត​ថា ខូច​ឈ្មោះ គេ​លែង​គោរព គេ​លែង​ទុកចិត្ត ហើយ​គេ​លែង​ស្ដាប់។

ដោយឡែក លោក មាស នី​ អ្នកវិភាគ​នយោបាយ​ បានលើកឡើងតាមទំព័រហ្វេសបុកលោកថា​ ភាព​វិប​ល្លាស​ផ្នែកនយោបាយងាយនឹងកេីតឡេីង​ នៅពេលដែលរដ្ឋមួយបន្តព្យាយាមរក្សា​ និងប្រមូលមនុស្ស​អ​សមត្ថភាពឫមន្រ្តីប្រព្រឹត្តខុសទុកដោយសារតែបុព្វហេតុនយោបាយនោះ

លោកចោទជាសំនួរថា បេីមានតែប៉ុនហ្នឹងរហូត តេីនិតិរដ្ឋមានន័យថាម៉េចសំរាបប្រទេសយេីងទៅថ្ងៃមុខ? កោះពេជ្រស្លាប់រាប់រយនាក់ ចែកលុយហេីយស្ងាត់ឈឹង។ អគារបាក់នៅកំពុងសោម​ស្លាប់មនុស្ស​ជា​ច្រេីន​នាក់ចែកលុយហេីយក៏ស្ងាត់ទៅទៀត? ស្លាប់ ចែកលុយ ឡេីងបុណ្យ នេះឬជាច្បាប់ធម្មជាតិ សំរាប់​កម្ពុជា​ឫ?៕

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា លោក ហ៊ុន សែន បាន​សម្រេច​ឱ្យ​លោក យន្ត មីន លា​ឈប់​ពី​អភិបាល ខេត្ត​ព្រះសីហនុ តាម​ការ​ស្នើសុំ បន្ទាប់ពី​លោក យន្ត មីន ទទួលស្គាល់​កំហុស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដែល​បណ្ដាល​ឱ្យ​មាន​កម្មករ សំណង់​២៨​នាក់​ស្លាប់ និង​២៦​នាក់ របួស​នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​ចិន​មួយ​កន្លែង គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​កាលពី​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃ​ទី​២២ ខែ​មិថុនា​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds