បើ Huawei ឈប់ប្រើ Android នោះ Google អាចបាត់បង់អ្នកប្រើប្រាស់ 700-800 លាននាក់
កាលពីខែមុននេះ Google បានដកហូតអាជ្ញាប័ណ្ណរបស់ Huawei ដើម្បីធ្វើការហាមឃាត់ លែងឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានចុះឈ្មោះក្រុមហ៊ុន Huawei Technologies Co. Ltd ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន។ ក្រោយបន្ដិចមក ក្រសួងពាណិជ្ជកម្ម ប្រចាំសហរដ្ឋអាមេរិក បានផ្តល់រយៈពេល 90 ថ្ងៃ ដើម្បីធ្វើការដោះស្រាយ ជាមួយក្រុមហ៊ុន ទាំងនោះ។ ទន្ទឹមនឹងនេះដែរ Huawei ក៏នៅបញ្ជាក់ប្រាប់ថា អ្នកប្រើប្រាស់ទាំងអស់ នឹងនៅតែបន្ដអាច ទទួលបានកំណែអាប់ដេត ដូចធម្មតាដដែល។
នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ CNBC ដោយលោក Ren Zhengfei (ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Huawei) បានលើកឡើងថាHuawei និងក្រុមហ៊ុន Google នឹងតែងតែ “ជានិច្ចកាល ស្ថិតនៅលើបន្ទាត់ដូចគ្នា ទៅលើការចាប់អារម្មណ៍ផ្សេងៗ ហើយបើយើងមិនប្រើ ប្រព័ន្ធប្រតិបត្តិការ Android នោះ Google នឹងបាត់បង់អ្នកប្រើ 700-800 លាននាក់ នៅពេលអនាគត” ថែមទៀតផង។ លើសពីនេះទៅទៀត គាត់បានបន្ថែមថា Huawei មិនចង់ផ្លាស់ប្ដូរ ប្រព័ន្ធប្រតិបត្តិការ Android សោះឡើយ ដោយសារតែ វានឹងកាត់បន្ថយកំណើនរបស់ផលិតផលខ្លួន ប៉ុន្តែប្រសិនបើ យើងឈានមកដល់ ចំណុចនោះទៅហើយ ដូច្នេះ Huawei ប្រាកដជាត្រូវការ ប្រព័ន្ធប្រតិបត្តិការ ផ្ទាល់ខ្លួនតែម្ដង និងត្រលប់ទៅរក ការរីកចំរើន តទៅទៀត ៕
កែសម្រួល៖ ស៊ាងម៉ី