ACU នឹងធ្វើសន្និសីទកាសែត ក្រោយការចាប់ឧកញ៉ា សុខ ប៊ុន និងមន្ត្រី៥នាក់ដាក់ពន្ធនាគារ
នៅរសៀលថ្ងៃសុក្រទី២៨ ខែមិថុនា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំសន្និសីទកាសែតមួយបង្ហាញអំពីករណីកោះរ៉ុង ជូនដល់អ្នកសារព័តមាន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ។
ការរៀបចំសន្និសីទកាសែតនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបាន ចាប់បញ្ជូនខ្លួន មនុស្សចំនួន ៦នាក់ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី រួមគំនិតគ្នាជាប្រព័ន្ធក្លែងបន្លំឯកសាររំលោភយកដីរដ្ឋដោយខុសច្បាប់ នៅសង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩នេះ។
ជនទាំង៦នាក់នោះ ត្រវលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មានលោកឧកញ៉ា សុខ ប៊ុន ជាអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប លោក អ៊ុង និត ជាប្រធានក្រុមប្រឹក្សា ក្រុងកោះរុង, លោក សេង ហូលាង ជាចៅសង្កាត់កោះរុង, លោក ហែម សាឡេះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កោះរុង, លោក កែ សោម ជាចៅសង្កាត់រងទី២ និងលោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ៕
អត្ថបទ៖ សុខ លាភ