លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បរាជ័យ ៣ លើកក្នុងការប៉ុនប៉ងកម្ចាត់CNRP
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្តីទី អតីតនៃគណបក្សប្រឆាំងនៅកម្ពុជា បានអោយដឹងថា លោក ហ៊ុន សែន បានបរាជ័យ ៣ លើកហើយ ក្នុងការប៉ុនប៉ងកម្ចាត់គណបក្សសង្គ្រោះជាតិ ។ ការថ្លែងបែបនេះ បន្ទាប់ពីជំនួបរវាងគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប ។
លោក សម រង្ស៊ី ថាបរាជ័យ លោក ហ៊ុន សែន ទី១ គឺអូសទាញសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ៥០០៧ រូប មកពីCNRP ឲ្យ ចុះចូលCPP តែជាង ៩០%មិនព្រមដាច់ខាត។ ទី២ គឺរៀបចំការបោះឆ្នោតក្លែងក្លាយ នៅឆ្នាំ ២០១៨ ដោយបង្កើតបក្សប្រឆាំងក្លែងក្លាយ រហូតដល់ទៅ ១៩ គណបក្ស តែបក្សប្រឆាំងក្លែងក្លាយទាំងនោះ គ្មានទទួលបានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភា។ ទី៣ គឺចង់អូសទាញថ្នាក់ដឹកនាំCNRP ១១៨ នាក់ ឲ្យក្បត់គណបក្សខ្លួន ដោយទៅសុំច្បាប់ពី ហ៊ុន សែន ដើម្បីធ្វើនយោបាយឡើងវិញ ក្នុងនេះមានតែ ៩ នាក់ទេ ដែលចាញ់បោក ហ៊ុន សែន ឬព្រមលក់ខ្លួនឲ្យគេ។
លោកបន្ថែមថា ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប (គឺការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA) លោក ហ៊ុន សែន ដាច់ខាតត្រូវតែដោះលែងលោក កឹម សុខា ដោយទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើប្រធានគណបក្សសង្គ្រោះជាតិនេះ ហើយបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញជាបន្ទាន់៕
អត្ថបទ៖ សុខ លាភ