លោក កឹម សុខា ថា ព្រះអាទិត្យនៅតែរះ ខ្ញុំ នៅតែរង់ចាំថ្ងៃជួបជុំ
ភ្នំពេញ ៖ លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងមិនអាចចេញទៅណាឆ្ងាយពីផ្ទះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ថា «ទឹកចិត្ត និងសេចក្តីនឹករឭករបស់ជនរួមជាតិបានផ្តល់ដល់រូបខ្ញុំនូវកម្លាំងចិត្តដែលជាថាមពលជំរុញឲ្យរូបខ្ញុំបន្តនូវស្មារតីសេ្នហាជាតិ បើទោះជារូបកាយខ្ញុំត្រូវបានបាត់បង់សេរីភាពអស់ជិតពីរឆ្នាំមកហើយ»។ សារអំណរគុណរបស់លោក ឡាយលំជាមួយនឹងសារនយោបាយ ក្នុងថ្ងៃខួបកំណើតគ្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ។
លោក ថា «មិនមានអ្វី ដែលអាចរារាំងមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះប្រជាជាតិមួយនេះឡើយ។ ទោះបីខ្ញុំមិនអាចជួបជុំប្រជាពលរដ្ឋដូចកាលពីមុន ទោះបីខ្ញុំមិនអាចស្តាប់ឮដោយផ្ទាល់នូវទុក្ខកង្វល់របស់បងប្អូន ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា ខ្ញុំ កឹម សុខា នៅតែភ្ញាក់ឡើងទន្ទឹងរង់ចាំថ្ងៃដែលបានជួបជុំនិងបម្រើជាតិខ្មែរតទៅទៀត។
លោកបន្ថែមថា មិនថារងទុក្ខឬការធ្វើបាបតាមរូបភាពណា វាគ្មានទេពាក្យថាស្តាយក្រោយសម្រាប់ កឹម សុខា ដែលបានបូជាជូនជាតិ ប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ»៕
អត្ថបទ ៖ សុខ លាភ