ប្រធានបក្សមួយស្នើអោយសម្តេចតេជោ ដាក់ លោក យន្ត មីន ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់ ACU មុនតំឡើងតំណែង
ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយពីការតំឡើងឋានៈលោកយន្ត មីន ទៅជារដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានគណបក្សកសិករ ស្នើអោយមានការសើបអង្កេតលោក យន្ត មីន ជាមុនសិនចាំតំឡើងតំណែង ។
តាមបណ្តាញហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះលោក មាស បូពៅ ប្រធានគណបក្សកសិករ បានអោយដឹងថា ស្នើសុំ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដាក់ ឯកឧត្តម យន្ត មីន អតីតគណៈអភិបាលខេត្តព្រះសីហនុ ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ជាមុនសិន (មុនតម្លើងតំណែង) ពាក់ព័ន្ធករណីការដ្ឋានសំណង់ចិនគ្មានច្បាប់អនុញ្ញាតិក្រោមការគ្រប់គ្រងរបស់សាលាខេត្តព្រះសីហនុ សំណង់អាគារគ្មានគុណភាព ធ្វើឲ្យបាក់រលំមានមនុស្សស្លាប់ និងរបួសជាច្រើននាក់កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ ។
សូមរំលឹកផងដែរថា យោងតាមលិខិតរបស់ប្រមុខរដ្ឋាភិបាល ថ្វាយព្រះមហាក្សត្រនៃកម្ពុជា ស្នើសុំលោក យន្ត មីន ដែលជាអតីតអភិបាលខេត្ត ព្រះសីហនុ ដែលត្រូវផ្ទេរភារកិច្ចចេញនោះ ត្រូវបានតម្លើងផ្កាយ៤ (នាយឧត្តមសេនីយ៍) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ!។
អត្ថបទ៖ សុខ លាភ